នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែតប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។
សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(ហៅកាត់ថា STEPCam) ដែលទទួលជំនួយហិរញ្ញវត្ថុពីមូលនិធិភាពជា ដៃគូ សកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។
ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងតាកែវ។
គម្រោង STEPCam ធ្វើការសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនៃក្រសួងអប់រំយុវជន និងកីឡាក្នុងការដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តដល់កម្រិតបរិញ្ញាបត្រអប់រំ។
គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ៦៨នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី១ ប្រកប ដោយភាពជោគជ័យ។ ស្របពេលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគម្រោង STEPCam កំពុងធ្វើការអភិវឌ្ឍកម្មវិធីវិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើ របាយការណ៍ការវាយតម្លៃស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីឆ្នាំមុន។
ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្កការរាំងស្ទះដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេសអាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលបែបចម្រុះបាន ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់ tablet ចំនួន ៣៨០ គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាតក្នុងការដំឡើងស៊ីមកាតដែលមានទិន្នន័យអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំនៅក្រសួងអប់រំ យុវជន និងកីឡា។
ការផ្តល់ជូននូវ Tablet ទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើនការអប់រំបែបឌីជីថលនៅកម្ពុជា។
ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុនសែលកាតក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់។
អំពីគម្រោង STEPCam
គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូក្នុងគោលបំណងពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់សមត្ថភាព និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជា។
សកម្មភាពគម្រោងមាន៖ (១) អភិវឌ្ឍ និងអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា និងអ្នកឯកទេសអប់រំ (២) បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិតបឋមសិក្សាស្តីពីវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងព្រមទាំងផ្តល់ការប្រឹក្សាគរុកោសល្យកម្រិតសាលារៀន (៣) ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (៤) កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀនតាមរយៈការជួសជុលសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖ s.ang@unesco.org ឬតាមរយៈលេខទូរស័ព្ទលេខ ០១២ ៩៨២ ១១៧ និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា ngorpenglong@gmail.com ឬ តាមរយៈលេខ០៧៧ ៩៨២ ៩៨៣។