មហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិតដំបូងគេបង្អស់ បង្ហាញជូនពីដំណោះស្រាយបញ្ហាក្នុងសង្គម
ភ្នំពេញ ថ្ងៃទី18-19 ខែមីនា៖ ប្រសិនបើអ្នកចាប់អារម្មណ៍ខ្លាំងចង់ស្វែងយល់ថាកម្ពុជារីកចម្រើនកម្រិតប៉ុណ្ណាក្នុងវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតសង្គម សូមចូលរួម និងធ្វើការស្វែងយល់អំពី មហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិត កម្ពុជា 2016 ដែលជាព្រឹត្តិការណ៍ដំបូងគេបំផុតនៅកម្ពុជាដើម្បីអបអរសម្រាប់ជម្រើសដំណោះស្រាយបញ្ហាឈានមុខក្នុងស្រុក។
កម្មវិធីមហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិតដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី18-19 មីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (NIPTICT) និងបង្ហាញជូនដោយសែលកាត ។ ក្នុងព្រឹត្តិការណ៍នេះត្រូវបានរំពឹងថាមានអ្នកចូលរួមលើសពី3000នាក់ បង្ហាញជូនពីបច្ចេកវិទ្យាច្នៃប្រឌិតក្នុងស្រុក និងប្រមូលផ្ដុំទៅដោយអង្គការសង្គមស៊ីវិល វិស័យឯកជន ភ្នាក់ងារនិងតំណាងរាជរដ្ឋាភិបាល សហគមន៍មូលដ្ឋានបច្ចេកវិទ្យា និងនិស្សិតជាច្រើនរូបផងដែរ។
ក្រោមបាវចនា “បច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់ទាំងអស់គ្នា” និងការបើកទូលាយសម្រាប់ទាំងអស់គ្នា មហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិត នឹងមានតាំងស្ដង់ជាង50 បើកវគ្គសិក្ខាសាលា ការពិភាក្សា វាគ្មិនល្បីៗ និងគំនិតបង្កើតបណ្ដាញចុះឈ្មោះចូលរួមនៅហាង Connection Café។ កម្មវិធីពិសេសមួយនេះ អាចឲ្យសិក្ខាកាមជួបផ្ទាល់ជាមួយម្ចាស់ភាគហ៊ុន វិនិយោគិន និងស្ថាបនិកក្រុមហ៊ុនសំខាន់ៗដែលមកពីស្ថាប័ន និងវិស័យខុសៗគ្នាដើម្បីជួបជជែក និងទទួលទានកាហ្វេ។
គួរកត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដែលមានទស្សនវិស័យយូរអង្វែង ជាការប្រជែងដោះស្រាយគន្លឹះបច្ចេកវិទ្យា ដែលសហការរៀបចំដោយសែលកាត និង CoLab។ ការប្រកួតប្រជែងតម្រូវឲ្យបេក្ខជនបង្កើតផលិតផល ឬសេវាកម្មច្នៃប្រឌិតឈានមុខដោយប្រើបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីផ្ដើមពិនិត្យដោះស្រាយបញ្ហាសង្គម។ អ្នកដែលត្រូវកំណត់ថាឈ្នះជាជ័យលាភីត្រូវឆ្លងកាត់ការវាយតម្លៃគោលគំនិតដើម គម្រោង និងការអនុវត្ត តាមលក្ខខណ្ឌ ហើយមានឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធ និងរង្វាន់ពិសេសៗជាច្រើនទៀតផងដែរ។
លោក ឡាស្លូ បារតា នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “មហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិត ជាឱកាសដ៏វិសេសអស្ចារ្យមួយដែលជាសក្ខីភាពបញ្ជាក់ថាកម្ពុជារីកចម្រើនដល់កម្រិត ណាក្នុងការជំរុញបង្កើតដំណោះស្រាយសង្គមផ្អែកលើបច្ចេកវិទ្យា និងការច្នៃប្រឌិត។” លោកក៏បានបន្ថែមឲ្យដឹងទៀតថា “បច្ចេកវិទ្យា និងការច្នៃប្រឌិត គឺជាគន្លឹះសំខាន់បំផុតដែលនាំព្រះរាជាណាចក្រកម្ពុជាទៅកាន់អនាគត ហើយកម្មវិធីមហោស្រពនិងពិព័រណ៍បច្ចេកវិទ្យាច្នៃប្រឌិតនេះក៏មានគោលបំណង លើកស្ទួយវិស័យនេះតាមរយៈការបង្ហាញជូនគំនិតច្នៃប្រឌិត ដំណោះស្រាយផ្ទាល់ ការងារជាបុគ្គល និងជាក្រុម ដែលធ្វើឲ្យមានការរីកចម្រើនថ្មីមួយសម្រាប់សង្គម ក៏ដូចជាជួយឲ្យសង្គមជាតិទាំងមូលសម្រេចបានតាមគោលបំណងដែលចង់បានផងដែរ។”
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/InnoTechFestivalCambodia/ ឬ www.innotechfestival.com