ព្រឹត្ដិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេស ដែលទាក់ទង់នឹងព័ត៌មានវិទ្យា បច្ចេកវិទ្យានិងការច្នៃប្រឌិត ដោយអនុញ្ញាតអោយចូលរួមដោយសេរី
បាខែមរតនគិរី ថ្ងៃទី XX បន្ទាប់ពីជោគជ័យលើកទីមួយនៃការរៀបចំព្រឹត្តិការណ៍បាខែមដើមឆ្នាំនៅខេត្តសៀមរាប បាខែមកម្ពុជា និងអ្នកគាំទ្ររបស់សែលកាតមានមោទនភាពក្នុងការបង្ហាញជូននូវព្រឹតិ្តការណ៍ ប្រចាំឆ្នាំជាលើកទីពីរ ដែលពេលនេះនឹងប្រារព្ធធ្វើនៅខេត្តរតនគិរី។
ព្រឹត្តិការណ៍ដែលបានធ្វើនៅសាលាអន្តរជាតិ ASEAN Bridge ចាប់ពីថ្ងៃទី30 មេសា ដល់ថ្ងៃទី1 ឧសភា នេះ បាខែមកម្ពុជាមានបំណងលើកស្ទួយវិស័យអប់រំ ទេសចរណ៍ បច្ចេកវិទ្យា និងសហគ្រិនភាព ដោយផ្តោតសំខាន់លើវិស័យព័ត៌មានវិទ្យា។ ជាថ្មីម្តងទៀតព្រឹត្តិការណ៍ នេះបានប្រមូលផ្តុំចម្រុះពីសំណាក់អ្នកជំនាញព័ត៌មានវិទ្យា ម្ចាស់អាជីវកម្ម អ្នកច្នៃបង្កើតថ្មី សហគ្រិន សាស្រ្តាចារ្យ និងសិស្ស និស្សិតជាច្រើនរូបដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធគ្នាទៅវិញទៅមក។
បាខែមរតនគិរី បើកចំហសម្រាប់សាធរណជនដោយសេរី និងអ្វីដែលពិសេសគឺមានវាគ្មិនចំនួន 20រូប ថែមទាំងសកម្មភាពផ្សេងទៀតដូចជា ការផ្សព្វផ្សាយ ការតាំងពិព័រណ៍និងការពិភាក្សា។ វាគ្មិនសម្រាប់ព្រឹត្តិការណ៍បាខែមក្នុងពេលកន្លងមកមាន អ្នកជំនាញមកពីក្រុមហ៊ុន EZECOM ក្រុមអភិវឌ្ឍក្រុមហ៊ុន Google បណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន STEP Fedora Firefox ការអភិវឌ្ឍច្នៃប្រឌិតថ្មី ITC និង Web Essentials ដូចនេះអ្នកចូលរួមអាចរំពឹងក្នុងការបញ្ជ្រាបខ្លួនក្នុងវិស័យព័ត៌មានវិទ្យា និងទទួលបានចំណេះដឹងមិនអាចកាត់ថ្លៃ បាន។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតលោក អ៊ាន វ៉ាតសុន បានមានប្រសាសន៍ថា “ ជាមួយនឹងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍បាខែមស៊េរី កំពុងក្លាយទៅជាភ្នាក់ងារក្នុងការបណ្តុះស្មារតី និងបំផុសទឹកចិត្តយុវជន ដើម្បីឲ្យក្លាយខ្លួនជាអ្នកជំនាញព័ត៌មានវិទ្យាកាន់តែច្រើន។ លោកបានបន្តថាៈ យើងតែងតែគាំទ្រព្រឹត្តិការណ៍នេះពេញទំហឹងដោយផ្តល់ជូននូវអ្នកជំនាញ បច្ចេកវិទ្យា ដើម្បីចែករំលែក សហការគ្នា និងផ្លាស់ប្តូរគំនិតជាមួយនឹងអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការទទួលបានអត្ថ ប្រយោជន៍ផ្ទាល់ខ្លួន ហើយព្រឹត្តិការណ៍បាខែមរតនគិរី និងព្រឹត្តិការណ៍ស៊េរីផ្សេងទៀតនឹងបន្តផ្តល់ជូននូវឱកាសបែបនេះ និងផ្តល់ក្តីសង្ឃឹមបន្ថែមទៀតដល់កម្ពុជា ដើម្បីឈានជើងចូលទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ការច្នៃប្រឌិត និងភាពរីកចំរើន “។
ព្រឹត្តិការណ៍ស៊េរីបាខែមកម្ពុជាបានរៀបចំធ្វើអស់រយៈពេលបួនឆ្នាំមកហើយ ដោយសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការប្រមូលផ្ដុំបុគ្គលជំនាញបច្ចេកវិទ្យាព័ត៌មានឲ្យមកជួបជុំបង្កើតជា បណ្ដាញការងារតែមួយដែលអាចជួយគ្នា និងចែករំលែកនូវបច្ចេកវិទ្យាចុងក្រោយបំផុតរវាងគ្នាទៅវិញទៅមក ។ ព្រឹត្តិការណ៍បារខែមទាំង5ប្រចាំឆ្នាំ2015 បានទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ព្រឹត្តិការណ៍បាខែមរតនគិរី ចាប់ផ្តើមពីថ្ងៃសៅរ៍ នៅម៉ោង 8 ព្រឹក គឺអនុញ្ញាតឲ្យចូលរួមដោយសេរី។ ដើម្បីចុះឈ្មោះ ឬព័ត៌មានបន្ថែមសូមផ្ញើអ៊ីម៉ែលទៅកាន់ info@barcampcambodia.org ឬចូលទៅគេហទំព័រ www.2015.barcampcambodia.org ។