ក្រុមហ៊ុន GuarantCo ផ្តល់ការធានាលើមូលបត្របំណុលចំនួន 70 លានដុល្លារអាមេរិកដល់ក្រុមហ៊ុន ខេម ជ្ជីអេសអេម (ក្រុមហ៊ុន សែលកាត) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា | សែលកាត

ក្រុមហ៊ុន GuarantCo ផ្តល់ការធានាលើមូលបត្របំណុលចំនួន 70 លានដុល្លារអាមេរិកដល់ក្រុមហ៊ុន ខេម ជ្ជីអេសអេម (ក្រុមហ៊ុន សែលកាត) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា

ថ្ងៃចេញផ្សាយ: មករា, ថ្ងៃ​ពុធ 24, 2024

ក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) បានផ្តល់ការធានាដល់ក្រុមហ៊ុន ខេម ជ្ជីអេសអេម (ក្រុមហ៊ុន សែលកាត) នូវទឹកប្រាក់ចំនួន 70 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សញ្ញាបណ្ណនិរន្តរភាពដែលមានការបញ្ជាក់ទទួលស្គាល់ជាអន្តរជាតិ ដែលបានទិញដោយស្ថាប័នវិនិយោគិនស្ថាប័ន ពោលគឺក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ៍ និង
ព្រូដិនសល កម្ពុជា ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 និងទទួលបានហិរញ្ញប្បទានពីធនាគារ Deutsche Bank AG សាខាសិង្ហបុរី។ ចំណូលពីហិរញ្ញប្បទាននេះ នឹងប្រើប្រាស់នៅក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុន សែលកាត។

Asian Thai farmer woman wear a blue shirt smile and cross hands at the green farm

ទាំងមូលបត្របំណុល និងឥណទាន ដែលបានទទួលមតិភាគីទីពីរពីសេវាកម្មវិនិយោគិនរបស់
ក្រុមហ៊ុន Moody’s Investor Services អំពីការបន្ស៊ីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ពួកគេជាមួយនឹងបទដ្ឋានអន្តរជាតិ។ ចំណូលទាំងអស់ដែលបានមកពីមូលបត្របំណុល និងឥណទាន នឹងត្រូវបែងចែកសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់បង្គោលទូរគមនាគមន៍ 4G ឧបករណ៍ 4G សន្សំសំចៃថាមពល និងបណ្តាញដែលមានមុខងារទំនើបសម្រាប់ពេលអនាគត ក្នុងការរៀបចំសម្រាប់ការដាក់ឱ្យដំណើរការប្រព័ន្ធ 5G ។

ប្រតិបត្តិការនេះមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម សម្រាប់អតិថិជនរបស់របស់ក្រុមហ៊ុន សែលកាត រួមទាំងការធ្វើឱ្យប្រសើរឡើងនូវសេវាគ្របដណ្តប់ ល្បឿន និងការបង្កើនសមត្ថភាពទិន្នន័យអ៊ីនធឺណិត ដែលគាំទ្រដល់គោលដៅទី 9 នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៖ បង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឱ្យបានកាន់តែច្រើន។

ឥទ្ធិពលដែលប្រតិបត្តិការនេះនឹងផ្តល់ជូនប្រជាជនកម្ពុជា គឺមានភាពធំធេងណាស់ ដោយគេរំពឹងថា អ្នកប្រើប្រាស់ជាងមួយលាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនល្បឿនអ៊ីនធឺណិត និងការគ្របដណ្តប់សេវា ការលើកកម្ពស់គុណភាពនៃជីវិត និងផលិតភាពរបស់របស់ប្រជាជន ស្របពេលដែលអាជីវកម្មនានា ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនផលិតភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវល្បឿន និងការគ្របដណ្តប់សេវាកម្ម។

ការងារសរុបប្រហែល 260 កន្លែង នឹងត្រូវបានបង្កើតឡើង៖ ការងារចំនួន 200 កន្លែងនៅក្នុងវិស័យសំណង់សម្រាប់អ្នកដំឡើងម៉ាស៊ីន វិស្វករ អ្នកស្ទង់ អ្នករចនា អ្នកបង្កើនប្រសិទ្ធភាព
បណ្តាញ អ្នកធ្វើតេស្តបណ្តាញ និងអ្នកបើកបរ និងការងារចំនួន 60 កន្លែងសម្រាប់បុគ្គលិកថែទាំបង្គោលសេវា និងតួនាទីការិយាល័យខាងក្រោយ។ គម្រោងនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ ស្របពេលដែល 20 ភាគរយនៃគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សែលកាត និង 30 ភាគរយនៃកម្លាំងការងារគឺជាស្ត្រី។

លោក Layth Al-Falaki នាយកប្រតិបត្តិក្រុមហ៊ុន GuarantCo បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការបញ្ចប់ប្រតិបត្តិការទូរគមនាគមន៍លើកទីមួយរបស់យើង នៅអាស៊ី និងប្រតិបត្តិការទីបីនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជន និងអាជីវកម្មក្នុងស្រុកជាច្រើន នឹងទទួលបានអត្ថប្រយោជន៍ ពីការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាទូរគមនាគមន៍។ ប្រតិបត្តិការរបស់ក្រុមហ៊ុន សែលកាត ក៏ជាការព្រមព្រៀងទីពីររបស់យើងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលយើងបានបញ្ចប់ការធានាលើមូលបត្របំណុលចំនួន 24 លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអយស្ម័យយាន រ៉ូយ៉ាល់ រេលវេ នៅក្នុងខែធ្នូ ឆ្នាំ 2022។ ការបិទបញ្ចប់ប្រតិបត្តិការនេះ គឺជាឧទាហរណ៍ដ៏ល្អមួយទៀត នៃការចម្លងប្រតិបត្តិការនៅក្នុងទីផ្សារតែដដែលជាមួយដៃគូយុទ្ធសាស្ត្រដដែល រួមមានក្រុមហ៊ុន មេនូឡាយហ្វ៍ និងព្រូដិនសលកម្ពុជា ដែលយើងបានបញ្ចប់ប្រតិបត្តិការជាច្រើននៅតំបន់អាស៊ី។ យើងក៏មានសេចក្តីសោមនស្សរីករាយផងដែរដែលបានបិទបញ្ចប់ប្រតិបត្តិការដំបូងរបស់យើងជាមួយធនាគារ Deutsche Bank ក្នុងនាមជាអ្នកទទួលផលដែលផ្តល់មូលនិធិ 100 ភាគរយសម្រាប់ចំណែកឥណទាន។ ការដែលយើងអាចអនុវត្តឡើងវិញបាន បានគឺជាចំណុចផ្តោតដ៏សំខាន់សម្រាប់ឱ្យក្រុមហ៊ុន GuarantCo បិទបញ្ចប់ប្រតិបត្តិការកាន់តែលឿន ហើយការធ្វើដូច្នេះ
ផ្តល់ឱ្យប្រជាជនក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងទ្វីបអាហ្រ្វិក និងអាស៊ីនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពដែលកំពុងតែខ្វះខាត។

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេម ជ្ជីអេសអេម បានមានប្រសាសន៍ថា៖
“មូលបត្របំណុលនិរន្តរភាព និងហិរញ្ញប្បទានមានសុវត្ថិភាពរបស់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម នឹងគាំទ្រដល់គម្រោងនានា ក្នុងគោលបំណងសម្រាលហានិភ័យ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការវិនិយោគលើថាមពលកកើតឡើងវិញ និងការផ្តល់ការតភ្ជាប់សេវាទៅកាន់ប្រជាជនដែលខ្វះខាត។ មូលនិធិចំនួន 70 លានដុល្លារអាមេរិក ដែលធានាដោយក្រុមហ៊ុន GuarantCo នឹងត្រូវបែងចែកជាយុទ្ធសាស្រ្តពង្រឹងបណ្តាញ និងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន និងគំនិតផ្តួចផ្តើមក្នុងគោលបំណងបម្រើសហគមន៍ដែលខ្វះខាត”។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន GuarantCo បានក្លាយជាក្រុមហ៊ុនដ៏សំខាន់មួយ ដែលផ្តល់ការធានានៅក្នុងទីផ្សារមូលបត្រនៅ
កម្ពុជា ដែលនឹងពង្រឹងទំនុកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស។ ការចូលរួមរបស់ក្រុមហ៊ុន GuarantCo នៅក្នុងដំណើរនៃការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា នឹងបើកចំហទីផ្សារនេះ ដើម្បីស្វាគមន៍ជនបរទេស ដែលមានបំណងចង់ធ្វើការវិនិយោគលើទីផ្សារមូលបត្រនៅកម្ពុជា។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុន GuarantCo នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា ជាពិសេសដើម្បីទាក់ទាញមូលធនបរទេសកាន់តែច្រើន តាមរយៈទីផ្សារមូលបត្រ និងលើកកម្ពស់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅក្នុងប្រទេស”។

លោកស្រី យូ កញ្ញារី ប្រធានស្តីទីនៃនាយកដ្ឋានចុះបញ្ជី និងផ្ដល់ព័ត៌មាននៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងនាមជាផ្សារមូលបត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា យើងមាន
តួនាទីពង្រីកជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសកម្ពុជា ក៏ដូចជាការធ្វើពិពិធកម្មផលបត្រ
វិនិយោគសម្រាប់វិនិយោគិនសាធារណៈផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានកត់សម្គាល់ឃើញកំណើនសហគ្រាសប្រកបដោយនិរន្តរភាព ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យប្រសើរឡើងនៃបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព គឺជាកត្តាដ៏សំខាន់មួយសម្រាប់បុគ្គល
ស្ថាប័ន និងរដ្ឋាភិបាល ដើម្បីយកការអភិវឌ្ឍន៍នេះជាអាទិភាព។ ស្របតាម “ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព  ក្នុងនាមជាសមាជិកនៃគំនិតផ្តួចផ្តើមនៃផ្សារមូលបត្រប្រកបដោយនិរន្តរភាព ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នាឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ”។

លោកស្រី May Lin នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសេចក្ក្តីសោមនស្សរីករាយក្នុងការធ្វើជា
វិនិយោគិនចម្បងនៅក្នុងមូលបត្របំណុលនិរន្តរភាពរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ដែលធានាដោយក្រុមហ៊ុន GuarantCo ដែលគាំទ្រគម្រោងនានា ពាក់ព័ន្ធនឹងការតភ្ជាប់ទំនាក់ទំនងឌីជីថល ប្រសិទ្ធភាពថាមពល និងគម្រោងនានាដែលមានគោលបំណងសម្រាលហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។  ការវិនិយោគនេះ ស្របតាមរបៀបវារៈឥទ្ធិពលរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្របខណ្ឌដែលដឹកនាំកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តរបស់យើង នៅក្នុងការកសាង
អាជីវកម្មមួយដែលជួយឱ្យពិភពលោកកាន់តែល្អប្រសើរឡើង។  យើងទន្ទឹងរង់ចាំមូលបត្របំណុល ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងនានា ដែលនឹងប្រមូលអត្ថប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ទាំងផ្នែកសង្គម និងបរិស្ថាន”។

លោក Freddie Wong នាយកផ្នែកគណនាហានិភ័យនៃក្រុមហ៊ុន  ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “សូមអបអរសាទរចំពោះ ក្រុមហ៊ុន ខេម ជ្ជីអេសអេម (ក្រុមហ៊ុន សែលកាត) ចំពោះសមិទ្ធិផលដ៏គួរឱ្យស្ងើចសរសើរនៃការធានានូវមូលបត្របំណុលចំនួន 70 លានដុល្លារអាមេរិកពី ក្រុមហ៊ុន GuarantCo។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម នៅក្នុងវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែទំនើបជឿនលឿន។ ជាមួយនឹងការវិនិយោគលើមូលបត្របំណុលនិរន្តរភាពដំបូងគេបង្អស់របស់កម្ពុជា ដែលបោះផ្សាយដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម (ក្រុមហ៊ុន សែលកាត) ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងទំនួលខុសត្រូវ។ ការប្ដេជ្ញាចិត្តនេះ សរបញ្ជាក់ឱ្យឃើញអំពីជំនឿមុតមាំរបស់យើង ចំពោះអំណាចនៃកិច្ចសហការ និងចក្ខុវិស័យរួមគ្នា ក្នុងការចាប់
ផ្តើមដំណើរមួយនេះ ដើម្បីកៀរគរធនធាន ជំរុញឱ្យមានឥទ្ធិពលដ៏មានអត្ថន័យ និងបង្ហាញអំពីការយកចិត្តទុកដាក់ឥតងាករេរបស់យើងនៅក្នុងការកសាងប្រទេសកម្ពុជាដែលមានភាពធន់ និងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ការវិនិយោគនេះ បានឆ្លុះបញ្ចាំងនៅក្នុងគោលការណ៍ ESG របស់យើងក្រោមសសរស្តម្ភយុទ្ធសាស្ត្រសំខាន់មួយក្នុងចំណោមសរសរស្ដម្ភយុទ្ធសាស្ត្រនៃការវិនិយោគប្រកបដោយទំនួលខុសត្រូវ ដែលមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរប្រកបដោយយុត្តិធម៌ និងមានបរិយាប័ន្ន ឆ្ពោះទៅរកគោលដៅក្នុងការបន្ថយនូវការបញ្ចេញឧស្ម័នស្មើសូន្យ (Net Zero) សម្រាប់ពេលអនាគតទាំងអស់”។

លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យូរីធី ម.ក បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការធ្វើជាសាក្សីនៃកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យូរីធី និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកស្ទួយទីផ្សារមូលធននៅកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនិរន្តរភាពដំបូងគេបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកស្ទួយប្រទេសកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ និងចីរភាព។ តាមរយៈការបង្ហាញឱ្យជាភស្តុតាងអំពីដំណាក់កាលដ៏ជោគជ័យនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យូរីធី រក្សាការប្តេជ្ញាចិត្តក្នុងការកៀរគរមូលធនបន្ថែមទៀត សម្រាប់អាជីវកម្មក្នុងស្រុករបស់យើង ដែលបង្កើតឥទិ្ធពលវិជ្ជមានជាបន្តបន្ទាប់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈការជំរុញលើការប្រើប្រាស់បណ្តាញ និងជំនាញដ៏ទូលំទូលាយរបស់យើង យើងនៅតែមានភាពស្វាហាប់ក្នុងការសម្រេចឱ្យបាននូវគោលបំណងរបស់យើង ដោយជំរុញ និងលើកស្ទួយយ៉ាងសកម្មនូវកំណើននៃវិស័យមូលបត្រ”។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

តុលា, ថ្ងៃ​ច័ន្ទ 14, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ – ក្រុមហ៊ុ...

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!