សែលកាតស្វាគមន៍យុវទូតវ័យក្មេង មកចុះកម្មសិក្សាផ្នែកវិស្វកម្ម
ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃអង្គារ 17, 2018
យុវទូតរបស់សែលកាត ប្អូនស្រី កៃ ណាវីន បានចុះកម្មសិក្សារយៈពេល 3 ខែក្រោមការបង្ហាត់បង្រៀន និងដឹកនាំពីអ្នកនាង ហ្វាត់ ស៊ីអែម ដែលជាម្ចាស់ពានរង្វាន់ស្ត្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ 2018 ។
យុវទូត 21 ឆ្នាំរូបនេះ បាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (NIPTICT) ។ មិនតែប៉ុណ្ណោះ ណាវីន ក៏ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ផងដែរ។
វគ្គហ្វឹកហាត់ការរបស់សែលកាត នឹងផ្តល់នូវបទពិសោធន៍ការងារពិតប្រាកដដល់នាង និងជួយនាងក្នុងការកសាងការទុកចិត្តសម្រាប់ក្រុមហ៊ុន ក្នុងនាមណាវីនជា យុវទូតរបស់សែលកាត។
លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយថា ការទទួលយកណាវីនមកហ្វឹកហាត់ការ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែរជំនាន់ក្រោយ ដែលមានទេពកោសល្យ។
“ណាវីន មិនត្រឹមតែមានវត្តមាននៅក្នុងស្ប៉តពាណិជ្ជកម្ម និងលើទំព័របណ្ដាញសង្គមរបស់យើងប៉ុណ្ណោះទេ តែគាត់ថែមទាំងចូលរូមយ៉ាងសំខាន់ក្នុងការចែករំលែកការយល់ដឹងដ៏សំខាន់ពីតម្រូវការរបស់អតិថិជនវ័យក្មេងរបស់យើង ដូចឯកអគ្គរាជទូតសុឆន្ទៈដទៃទៀតដែរ។”
“វាជាការល្អណាស់ដែលយើងអាចចូលរួមសហការមួយជំហានបន្ថែមទៀត ដើម្បីជួយដល់ការសិក្សារបស់នាង ហើយយើងសង្ឃឹមថា យើងនឹងអាចជម្រុញនាងឲ្យក្លាយជាវិស្វករទូរគមនាគមន៍ដ៏ពូកែម្នាក់នាពេលអនាគត” ។
សូមបន្តតាមដានព័ត៌មានបន្ថែមពីណាវីន និងសកម្មភាពហ្វឹកហាត់ការរបស់នាង នៅលើ ទំព័រហ្វេសប៊ុករបស់សែលកាត