សែលកាត ត្រូវបានទទួលស្គាល់ជានិយោជកដ៏ល្អជាងគេមួយរូបក្នុងប្រទេសកម្ពុជា
ថ្ងៃចេញផ្សាយ: មករា, ថ្ងៃច័ន្ទ 22, 2018
ភ្នំពេញ ថ្ងៃទី 19 ខែមករា ឆ្នាំ 2018 – ពានរង្វាន់និយោជកល្អជាងគេបំផុតប្រចាំឆ្នាំ 2018 (Cambodia’s Best Employer Brand Awards 2018) ប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែមករា ឆ្នាំ 2018 បានប្រគល់ពាន់រង្វាន់ជូនក្រុមហ៊ុនសែលកាត ជានិយោជកដ៏ល្អបំផុត។
កម្មវិធីនោះប្រព្រឹត្តទៅនៅទីក្រុងបាងកក កាលពីថ្ងៃទី12 ខែមករា ឆ្នាំ 2018 ដោយមានការចូលរួមពីសំណាក់អ្នកដឹកនាំជាន់ខ្ពស់ជាច្រើនពីប្រទេសកម្ពុជា និងប្រទេសថៃ។ លោក ចាន់ វិបុល ជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ហើយក៏ជាអ្នកវាយតំលៃស្តង់ដារគុណភាពធនធានមនុស្សរបស់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនផ្សេងទៀតក្នុងគ្រួសារ រ៉ួយ៉ាល់គ្រុប បានអញ្ជើញទៅទទួលពានរង្វាន់នោះជាតំណាងអោយក្រុមហ៊ុនសែលកាត។
“នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមហ៊ុនយើងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់សែលកាត ជានិយោជកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងទាក់ទាញបុគ្គលិក ជាពិសេសនៅក្នុងទីផ្សារដែលខ្វះខាតធនធានមនុស្សសំខាន់ៗ។ អ្វីដែលកំពុងជួយជំរុញយើងទៅមុខនោះ គឺការចូលរួមគាំទ្របុគ្គលិករបស់យើង។ យើងមិនដែលបានធ្វើយុទ្ធនាការ ឬផ្សព្វផ្សាយជ្រើសរើសបុគ្គលិកខ្នាតធំនោះទេ។ បុគ្គលិករបស់យើងជា អ្នកដែលជួយក្នុងសកម្មភាពទាំងនោះ។ ពួកគាត់មានមោទនភាពជាមួយអ្វីដែលពួកគាត់កំពុងធ្វើ។ ពួកគាត់ស្វែងរកអត្ថន័យជាមួយសកម្មភាពដែលគាត់ចូលរួម។ ពួកគាត់កសាងមិត្តភាពបានយ៉ាងល្អនិងមាននិរន្តភាព។ ពួកគាត់ចែករំលែកគំនិត ខិតខំរៀនសូត្របន្ថែម ធ្វើការសំរេចចិត្ត និងរីកចំរើន។ ដោយសារតែពួកគាត់រីករាយជាផ្នែកមួយនៃគ្រួសារសែលកាត ដូច្នោះអ្វីៗដែលពួកគាត់ចែករំលែកជាមួយអ្នកនៅជុំវិញខ្លួនគាត់ទទួលបានការជឿជាក់ និង មានឥទ្ធិពល។ ជោគជ័យនេះជុំរុញយើង អោយកាន់តែខិតខំធ្វើអោយកាន់តែប្រសើរ។ យើងសូមថ្លែងអំណរគុណដល់ អ្នកឧកញ្ញា គិត ម៉េង និង ឯកឧត្តម ឧកញ្ញា គិត ធាង ព្រមទាំង នាយកប្រត្តិបត្តិ លោក Ian Watson សម្រាប់ការចូលរួមគាំទ្រសកម្មភាពអភិវឌ្ឍន៍របស់យើង។” ប្រសាសន៍របស់លោកស្រី Nicky Enriquez នាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនសែលកាត។
ពានរង្វាន់និយោជកល្អបំផុតរបស់កម្ពុជា Cambodia’s Best Employer Awards គឺជាកម្មវិធីដំបូងបំផុតដែលបង្កើតឡើងដោយ Employer Branding Institute ដើម្បីទទួលស្គាល់ក្រុមហ៊ុនឬអង្គភាពដែលបានបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងលេចធ្លោជាងគេ។ ដោយមានការគាំទ្រពី Asian Confederation of Businesses ព្រឹត្តិការណ៏ទទួលអ្នកចូលពីសំណាក់អ្នកដឹកនាំអាជីវកម្មរាប់រយនាក់ពីប្រទេសកម្ពុជានិងប្រទេសថៃ។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ដូចគ្នានេះដែររួមមាន រ៉ួយ៉ាល់គ្រុប និងក្រុមហ៊ុនដែលមានកេរ្តិ៍ល្បីល្បាញពេញពិភពលោកមានដូចជា Coke និង Unilever។