ថ្ងៃនេះ ក្រុមហ៊ុនសែលកាត(Cellcard) ទទួលបានការកោតសសើរនឹងពានរង្វាន់ចុងក្រោយគេបង្អស់ពី Finance Derivative Awards ថាជាទូរស័ព្ទដែលល្អបំផុត និងផ្តល់របៀបរស់នៅបែបឌីជីថលនៅកម្ពុជា « Best Mobile and Digital Lifestyle Provider in Cambodia»។
Finance Derivative គឺជាទស្សនាវដ្តីដ៏ល្បីល្បាញមួយទៅក្នុងវិស័យហិរញ្ញវត្ថុបែបវិជ្ជាជីវៈ និងការបណ្តាក់ទុនបែបកិច្ចសហការ និងឯកជន។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត(Cellcard) លោក អៀន វ៉ាត់សុន (Ian Watson) បានមានប្រសាសន៍ថា ការទទួលស្គាល់នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រុមហ៊ុន ក្នុងការបន្តពង្រឹងយុទ្ធសាស្រ្ត និងបេសកកម្មរបស់ខ្លួន ក្នុងនាមជាបណ្តាញទូរស័ព្ទឈានមុខគេដែលផ្តល់បែបផែនជីវិតផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖ «សែលកាតបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីការដាក់សម្ភោធអោយប្រើប្រាស់បណ្តាញ 4G LTE»។
លោកបានបន្ថែមថា៖ «ការប្តេជ្ញារបស់ពួកយើងក្នុងការផ្តល់ជូនអតិថិជននូវបណ្តាញទូរស័ព្ទប្រកបដោយគុណភាព និងតម្លៃសមរម្យ បានជួយពន្លឿនការចូលមកដល់នៃទិន្នន័យទូរស័ព្ទក្នុងប្រទេសកម្ពុជា ក៏ដូចជាការបង្កើនសេដ្ឋកិច្ចមួយផ្នែកធំរបស់កម្ពុជា»។
លោកបានបន្តទៀតថា៖ «ស្របពេលដែលពួកយើងកំពុងតែបន្តដំណើរការគម្រោង5G អតិថិជនទាំងអស់នៅតែអាចរីករាយក្នុងការប្រើប្រាស់សេវាដ៏ល្អឥតខ្ចោះ និងការបំពេញតម្រូវការទិន្នន័យទូរស័ព្ទ និងល្បឿន ដែលកើនឡើងជាលំដាប់»។
លោក វ៉ាត់សុន (Watson) បានបន្ថែមទៀតថា Finance Derivative តែងតែធ្វើការសិក្សាស្វែងរកយ៉ាងស្វិញស្វាញក្នុងការទទួលស្គាល់ទៅលើភាពល្អឥតខ្ចោះក្នុងវិស័យបច្ចេកវិទ្យា ធនាគារ និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ក្នុងប្រទេសកម្ពុជា ការទទួលបានការកោតសសើរជាមួយនឹងរង្វាន់នេះ គឺជាភាពជោគជ័យដ៏អស្ចារ្យមួយ និងបានបង្ហាញថាកម្ពុជាជាប្រទេសដ៏រឹងមាំ និងជឿនលឿនមួយក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកបានឲ្យដឹងថា៖ «នេះជារង្វាន់ទី២០ហើយដែលក្រុមហ៊ុនសែលកាត (Cellcard) បានទទួលរង្វាន់ចាប់តាំងពីការដំណើរបណ្តាញ 4G LTE ត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយពួកយើងរង់ចាំមើលពីភាពជោគជ័យរបស់យើងបន្តទៀតនាពេលអនាគតជាមួយនឹងបណ្តាញ និងសេវាដែលកាន់តែប្រសើរជាងមុន»។
ការប្រកាសពានរង្វាន់ជាផ្លូវការនៅទូទាំងពិភពលោក នឹងត្រូវបានធ្វើឡើងនៅលើគេហទំព័រ Finance Derivative ជាមួយនឹងអ្នកឈ្នះពានរង្វាន់ដទៃៗទៀតនៅចុងឆ្នាំនេះ៕
https://www.financederivative.com/awards/