ក្រុមហ៊ុនសែលកាតឈ្នះជ័យលាភី 6 ឆ្នាំជាប់គ្នា | សែលកាត

ក្រុមហ៊ុនសែលកាតឈ្នះជ័យលាភី 6 ឆ្នាំជាប់គ្នា

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ព្រហស្បតិ៍ 03, 2017

នេះជាលើកទី​ 6 ហើយដែលសែលកាត ឈ្នះជ័យលាភី ជាក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី។

ចាប់តាំងពីឆ្នាំ 2012 ដល់ 2017 សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅកម្ពុជា ដែលមានម្ចាស់ភាគហ៊ុនជាខ្មែរ នៅតែបន្តដំណែងជាក្រុមហ៊ុនឆ្នើមដែលគួរអោយចង់បម្រើការមួយ នៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ខាងលើនេះ ត្រូវបានទទួលដោយលោក ងួន សុភ័ក្រ្ត ប្រធានគ្រប់គ្រងផ្នែកសេវាកម្មបុគ្គលិក​ក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់ដល់ក្រុមហ៊ុនឆ្នើមនៅអាស៊ីលើកទី 8 ក្នុងឆ្នាំ​ 2017 ដែលធ្វើឡើងនៅ​សណ្ធាគារ Le Meridien កោះ Sentosa ប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។

បន្ថែមពីលើភាពជោគជ័យមួយនេះ សែលកាត ក៏ទទួលបានពានរង្វាន់ the Fun at Work award ជា ក្រុមហ៊ុនឆ្នើមដែលមានបរិយាកាសល្អ​គួរអោយចង់បម្រើការងារជាលើកទី 2 ផងដែរក្នុងឆ្នាំនេះ ដែលចាត់ចូលជាបណ្ដាក្រុមហ៊ុនក្នុងតំបន់ដែលបុគ្គលិកប្រាថ្នាចង់បម្រើការងារ។

ជ័យលាភីទាំងពីរនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់សែលកាតយ៉ាងមុះមុត ក្នុងការបន្តបង្កើតបរិយាកាស និងវប្បធម៌ការងារ ដែលផ្ដោតសំខាន់ទៅលើការលូតលាស់របស់បុគ្គលិក ប្រកបដោយវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ជាមួយនឹងបរិយាកាសក្នុងពេលបម្រើការដ៏រីករាយ។

លោក​ អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ការទទួលស្គាល់ជាក្រុមហ៊ុនមួយក្នុងតំបន់ ដែលបុគ្គលិកប្រាថ្នាចង់បម្រើការងារក្នុងរយៈពេល6ឆ្នាំជាប់ៗគ្នានេះ គឺពិតជាបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ឲ្យការគ្រប់គ្រងធនធានមនុស្ស ក្នុងប្រទេស   កម្ពុជា  អនុវត្តអោយបានតាមស្តង់ដារអន្តរជាតិ។​

លោកបានបន្តថា៖ “យើងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីផ្ដល់ជូនអ្វីៗល្អៗសម្រាប់បុគ្គលិករបស់យើង ឲ្យដូចនូវអ្វីដែលយើងបានផ្តល់អោយអតិថិជនរបស់យើងផងដែរ។ យើងក៏នឹងបន្តអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្ស ក្រមសីលធម៌ និងគុណតម្លៃ ដើម្បីធានាឲ្យបាននូវបរិយាកាសមួយដែលបុគ្គលិកអាចប្រាស្រ័យទាក់ទង សហការ និងចែករំលែកបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមកដោយរីករាយ។”

អ្នកស្រី នីគី អេនរីគេ្វស្ស នាយកប្រតិបត្តិធនធានមនុស្សក្រុមហ៊ុន សែលកាត បានបន្ថែមថា the Fun at Work award ដែលជាពានរង្វាន់ក្រុមហ៊ុនឆ្នើមដែលមានបរិយាកាសរីករាយគួរអោយចង់បម្រើការងារនេះ បានសរបញ្ជាក់អោយឃើញថា ដើម្បីទទួលបានការងារដ៏មានប្រសិទ្ធភាព គឺមិនមែនសុទ្ធតែតម្រូវអោយបុគ្គលិកទាំងអស់ត្រូវតែគោរពតាមលក្ខខណ្ឌដាច់ខាតនោះទេ។

“យើងចង់អោយបុគ្គលិកទាំងអស់មានអារម្មណ៍ស្រស់ស្រាយជាមួយការងាររៀងរាល់ព្រឹក ទើបធ្វើអោយការងារ​ទាំងអស់អាចសម្រេចបានដោយជោគជ័យ។ ការបង្កើតនូវគុណតម្លៃ ក៏ជាចំនុចសំខាន់ដែលមិនអាចខ្វះបានដែរ។ សែលកាត ជឿជាក់ថា កិច្ចការទាំងអស់អាចជោគជ័យទៅបាន លុះត្រាតែបុគ្គលិកទាំងអស់ពេញចិត្តនឹងការងារដែលគេកំពុងធ្វើ។”

អ្នកស្រី អេនរីគេ្វស្ស បានបន្តទៀតថា “ភាពរីករាយ និងជោគជ័យ គឺត្រូវដើរទន្ទឹមគ្នា​ ដូចដែលយើងបានរៀនសូត្រពីកន្លែងធ្វើការជោគជ័យនានាជុំវិញពិភពលោក។ ការចេះរក្សាតុល្យភាពជីវិតការងារក៏ចូលរួមចំណែកយ៉ាងសំខាន់ដែលនាំអោយ សែលកាត មានភាពជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។ លើសពីនេះទៀត​ ការបំពេញការងារដោយរីករាយ គឺរឺតតែជម្រុញឲ្យមានភាពរីកចម្រើនដល់ក្រុមហ៊ុន។​ សែលកាតជឿជាក់ថា​ បរិយាកាសការងារដែលវិជ្ជមាន ​នឹងផ្ដល់ផលវិជ្ជមានដល់លទ្ធផលការងារដូចគ្នា។ ដូច្នេះហើយសែលកាត ក៏បានបង្កើត បន្ទប់សម្រាក ដើម្បីអោយបុគ្គលិកអាចលំហែកាយតាមរយៈ កីឡាវាយកូនបាល់លើតុ ឬក៏ចូលរួមសកម្មភាពផ្សេងៗមួយចំនួនរបស់ក្រុមហ៊ុន ដែលអាចជួយកាត់បន្ថយភាពធុញថប់។ មិនតែប៉ុណ្ណោះ សកម្មភាពរួមគ្នាជាក្រុមរបស់បុគ្គលិក ក៏ជាវិធីសាស្ត្រមួយជួយសម្រួលដល់ប្រសិទ្ធភាពបំពេញការងារផងដែរ។ ដើម្បីលើកទឹកចិត្តឲ្យបុគ្គលិកមានសុខភាពល្អ សែលកាតក៏មានសកម្មភាពជាប្រចាំសម្រាប់បុគ្គលិក ដូចជា Family Dayដែលជាទិវាគ្រួសារសែលកាត ការលេងកីឡារួមគ្នា និងការប្រកួតកីឡាបាល់ទាត់​ជាដើម។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ទាំងពីរនេះ ទទួលបានក្រោយពី សែលកាត ត្រូវបានទទួលស្គាល់ថា ជាបណ្តាញសេវាទូរស័ព្ទលឿនបំផុតនៅកម្ពុជា សម្រាប់ 6 ខែដំបូងឆ្នាំ 2017 ពី Ookla ដែលជាស្ថាប័នឈានមុខលើសកលលោកក្នុងការវាយតម្លៃល្បឿនអ៊ីនធើណិត។ មិនត្រឹមតែប៉ុណ្ណោះ សែលកាតក៏ ទទួលបានជ័យលាភី ជាក្រុមហ៊ុនបណ្ដាញសេវាជាទីទុកចិត្តបំផុតនៅកម្ពុជា ក្នុងឆ្នាំ2017 ក្នុងសន្និសីត 4G LTE ប្រចាំតំបន់ នៅទីក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះផងដែរ។

គួររំលឹកផងដែរថា ពានរង្វាន់ក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័នវាយតម្លៃនយោជក World HRD Congress and Stars of the Industry Group ក្នុងគោលបំណងផ្តល់ជ័យលាភីដល់ក្រុមហ៊ុនឆ្នើម។ ហើយដោយមានការគាំទ្រពីសហព័ន្ធសេដ្ឋកិច្ចអាស៊ី ព្រឹត្តិការណ៍ឆ្នាំនេះ បានទាក់ទាញអ្នកដឹកនាំពាណិជ្ជកម្មច្រើនជាងមួយរយនាក់មកពីទូទាំងតំបន់​។

ក្រុមហ៊ុនដែលលេចធ្លោគួរអោយកត់សម្គាល់ផ្សេងទៀត មានដូចជា វីង អ៊ីហ្ស៊ីខម អាកាសចរណ៍កម្ពុជា អាកាសចរណ៍ជប៉ុន អាកាសចរណ៍អាមេរិក Disneylandហុងកុង Pfizerម៉ាឡេស៊ី កូកាកូឡាម៉ាឡេស៊ី ក្រុមហ៊ុនទូរគមនាគមន៍ Hutchison ហុងកុង ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី និងក្រុមហ៊ុនល្បីៗផ្សេងទៀត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!