ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំងក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ ដោយនឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមានសម្តែងរបស់សិល្បករសិល្បការនីល្បីៗ និងកំពុងពេញនិយមជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រគុំតន្ត្រីនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់អ្នកដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុតពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោង ដោយមានការចូលរួមសម្តែងពីក្រុមតារាល្បីៗរួមមាន កញ្ញា មាស សុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោក ចេន សមាជិកក្រុមតន្រ្តី Mustache លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា!
គួររំលឹកផងដែរ ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូចត្រូវបានគេទទួលស្គាល់ថាជាអ្នកមានទេពកោសល្យខ្ពស់ម្នាក់ ដោយព្រះនាងអាចនិយាយបាន ៥ ភាសា មានសមត្ថភាពក្នុងការច្រៀង រាំ និងសម្តែង ហើយបច្ចុប្បន្ននេះ ព្រះនាងក៏កំពុងផ្តោតលើការហាត់សមរបាំអប្សរាផងដែរ។
ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួលជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយថវិកាដែលប្រមូលបានពីកម្មវិធីប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរដែលមានពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ។
សមាជិកគាំទ្រសែលកាតទាំងអស់ ក៏អាចចូលរួមបរិច្ចាគក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេលនៃការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១.០០០ រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួមជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។
សែលកាត នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូនដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឱ្យបាន នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ឱ្យដឹងថា៖ “ដោយសារស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ យើងមើលឃើញថានេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកាដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាតនៅទូទាំងប្រទេសកម្ពុជាផងដែរ” ។
ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុនសែលកាត ពិតជាមានក្តីរំភើបជាខ្លាំងសម្រាប់ឱកាសនៃការរៀបចំកម្មវិធីប្រគុំតន្រ្តី ដោយមានវត្តមានចូលរួមសហការពីតារាល្បីៗនៅក្នុងស្រុកជាច្រើនរូប។
លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សែលកាត កំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ” ៕