ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសបញ្ចប់ការចុះបញ្ជីថ្មីក្នុងផ្សារមូលបត្រកម្ពុជា | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសបញ្ចប់ការចុះបញ្ជីថ្មីក្នុងផ្សារមូលបត្រកម្ពុជា

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​អង្គារ 27, 2023

សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងប្រទេសកម្ពុជា បានបញ្ចប់ការបោះផ្សាយមូលបត្រជាសារធារណៈ (IPO) ដោយជោគជ័យ និងបានចុះបញ្ជីភាគហ៊ុនរួមថា្នក់ A នៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

លទ្ធផលនៃការជាវភាគហ៊ុនចំនួន ៩,២៧១,២០៦ ដោយវិនិយោគិនត្រូវបានអនុម័តដោយនិយ័តករមូលបត្រកម្ពុជា (SERCH) យោងតាមលិខិតព្រមព្រៀងលេខ ១៨០៧/២៣ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ សេចក្ដីប្រកាសនេះក៏រួមមានទាំងបញ្ជីពេញលេញនៃវិនិយោគិនដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។

ប្រាក់ចំណូលបានមកពីការបោះផ្សាយមូលបត្រនឹងត្រូវបានយកទៅវិនិយោគលើការពង្រីកវិសាលភាពបណ្ដាញ ការពង្រឹងគុណភាពសេវាកម្ម ការអភិវឌ្ឍនវានុវត្តន៍ឆ្ពោះទៅការលើកកម្ពស់របៀបរស់នៅបែបឌីជីថលរបស់អតិថិជន ក៏ដូចជាត្រៀមសម្រាប់រលកបច្ចេកវិទ្យាថ្មីដូចជា បណ្ដាញ 5G ជាមួយនឹងការតម្លើងបណ្ដាញដែលចាំបាច់ដើម្បីបំពេញតម្រូវការកំពុងកើនឡើងសម្រាប់ការភ្ជាប់ដែលមានល្បឿនលឿន និងភាពរអាក់រអួលទាបបំផុត។

នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា ការបោះផ្សាយមូលបត្រនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ក្រុមហ៊ុន ក៏ដូចជាទីផ្សារមូលធនរបស់កម្ពុជា។ លោកបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយគាំទ្រការបោះផ្សាយមូលបត្រ ជាពិសេសគឺ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឺធី ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រនេះ។

នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins ក៏បានបន្ថែមទៀតថា៖ « សែលកាត គឺតួអង្គដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងការផ្ដល់នូវសេវាកម្មទំនាក់ទំនងដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ សម្រាប់អតិថិជនរាប់លាននាក់។ ក្នុងនាមជាម៉ាកយីហោមួយ សែលកាត ឈរលើគុណភាព នវានុវត្តន៍ និងទំនួលខុសត្រូវសង្គម។ ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្ម សែលកាត ផ្ដល់ជូននូវដំណោះស្រាយ និងផលិតផលជាច្រើន ដើម្បីបំពេញតម្រូវការចម្រុះដល់ទីផ្សារកម្ពុជា។ នាឆ្នាំនេះ យើងប្រារព្ធខួប ២៦ឆ្នាំ នៃសេវាកម្ម ហើយយើងទន្ទឹងរង់ចាំក្នុងការរួមចំណែកដល់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់រាជរដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចឌីជីថលផងដែរ។ យើងប្ដេជ្ញាក្នុងការផ្ដល់គុណតម្លៃរយៈពេលវែងដល់អតិថិជនរបស់យើងដោយផ្ដោតលើគុណភាពបណ្ដាញនិងការអនុវត្ត ព្រមទាំងសេវាកម្ម និងនវានុវត្តន៍ដ៏ល្អឥតខ្ចោះ»។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុនសម្រាប់ការបោះផ្សាយមូលបត្រត្រូវបានចេញផ្សាយនៅដើមខែមេសា ជាមួយនឹងការជាវចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ការបោះផ្សាយមូលបត្រនេះត្រូវបានចាត់ទុកជាប្រតិបត្តិការបោះផ្សាយដ៏ឆ្នើមរបស់កម្ពុជា និងបានទាក់ទាញវិនិយោគិនទាំងជាតិ និងអន្តរជាតិ។ ដំណើរធ្វើបទបង្ហាញស្ដីពីការបោះផ្សាយមូលបត្រត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ ក៏ដូចជាធ្វើឡើងនៅក្រៅប្រទេស ពោលគឺនៅ តៃវ៉ាន់ និងហុងកុងផងដែរ។

លោក Simon Perkins ក៏បានបន្តថា៖ «តាងនាមឱ្យអគ្គនាយករបស់យើងគឺ អ្នកឧញ្ញ៉ា គិត ម៉េង ខ្ញុំសូមស្វាគមន៍ចំពោះម្ចាស់ភាគហ៊ុនថ្មីរបស់ សែលកាត ទាំងអស់ និងសូមថ្លែងអំណរគុណដល់ពួកគេសម្រាប់ទំនុកចិត្ត និងជំនឿជាក់លើយុទ្ធសាស្ត្រ និងចក្ខុវិស័យ របស់ សែលកាត។ នេះគឺជាការចាប់ផ្ដើមថ្មីរបស់ សែលកាត ខណៈពេលដែលយើងចាប់ផ្ដើមដំណើរនៃនវានុវត្តន៍ និងភាពរីកចម្រើន។ យើងមានផែនការច្បាស់លាស់ដើម្បីសម្រេចគោលដៅ និងផ្ដល់គុណតម្លៃទៅដល់អ្នកពាក់ព័ន្ធ ដៃគូ និងអតិថិជនរបស់យើង»។

MTS (Mobile Trading System) គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួល សម្រាប់ម្ចាស់ភាគហ៊ុនក្នុងការជួញដូរភាគហ៊ុនរបស់ពួកគេតាមរយៈការប្រើប្រាស់កម្មវិធី CSX App ។ កម្មវិធីនេះអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនតាមដានមើលមូលបត្រភាគហ៊ុន និងសមតុល្យរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ម្ចាស់ភាគហ៊ុនទាំងអស់រួមទាំងអ្នកជាវរបស់សែលកាត និងជនបរទេស គឺសុទ្ធតែមានសិទ្ធទទួលបានភាគលាភប្រចាំឆ្នាំ ៧ភាគរយ ដែលនឹងត្រូវផ្ដល់ជូនជារៀងរាល់ត្រីមាសសម្រាប់រយៈពេល ៥ឆ្នាំ។

ដើម្បីទាញយកកម្មវិធី៖
ប្រព័ន្ធប្រតិបត្តិការ iOS៖ ចុចទីនេះ
ប្រព័ន្ធប្រតិបត្តិការ Android៖ ចុចទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Cellcard IPO Telegram Group ៖ ចុចទីនេះ

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!