ក្រុមហ៊ុនfranchise ពីអាមេរិកក្លាយជាដៃគូចែកចាយផ្តាច់មុខថ្មីរបស់Cellcard
ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃអង្គារ 30, 2018
ហាងទំនិញមកពីសហរដ្ឋអាមេរិក ដែលដំណើរការនៅប្រទេសនានាជុំវិញពិភពលោក Circle K ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផ្តាច់មុខជាមួយក្រុមហ៊ុនCellcard។
ការចាប់ដៃគូជាមួយហាង Circle K នេះ គឺដើម្បីចែកចាយស៊ីមកាតសែលកាត ក៏ដូចជាអនុញ្ញាតឱ្យហាង Circle K ចូលរួមក្នុងយុទ្ធនាការឌីជីថលរបស់ សែលកាត ដើម្បីបង្កើនការយល់ដឹងពីក្រុមហ៊ុន franchise នេះឲ្យបានកាន់តែច្បាស់។
អ្នកតំណាងហាង Circle K បាននិយាយថា៖ «ពួកយើងរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Cellcard ពួកយើងមានអារម្មណ៍ថា Cellcard គឺស័ក្តិសមនឹងហាង Circle K។ ក្រុមហ៊ុន Cellcard មិនត្រឹមតែជាក្រុមហ៊ុនខ្មែរក្នុងស្រុកតែមួយប៉ុណ្ណោះទេ តែការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវការភ្ជាប់ទំនាក់ទំនងដ៏ល្អ ក៏ដូចជាការទទួលស្គាល់ពីអន្តរជាតិថាជាក្រុមហ៊ុនឈានមុខគេលើបណ្តាញទូរគមនាគមន៍ គឹជាអ្វីដែលយើងជាអ្នកចំណូលថ្មីចង់ចូលរួមចំណែកនៅក្នុងប្រទេសកម្ពុជា។»
ហាង Circle K បានបើកដំណើរការសាខាទីមួយរបស់ខ្លួននៅរាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅដើមឆ្នាំនេះ ហើយបានបន្តពង្រីកខ្លួនយ៉ាងជោគជ័យដល់ទៅ១៥សាខា ហើយហាងដែលជោគជ័យខ្លាំងជាងគេនោះគឺនៅសាខាជិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ហាងដែលទទួលបានអាជ្ញាប័ណ្ឌពីអាមេរិកនេះ គ្រោងពង្រីកខ្លួនរហូតដល់ទៅ៤០ហាងនៅរាជធានី ភ្នំពេញ ក្នុងពេលប៉ុន្មានខែខាងមុខនេះ រួមបញ្ចូលទាំងការពង្រីកសាខាទៅខេត្តសៀមរាប និង ខេត្តព្រះសីហនុផងដែរ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនCellcard បានមានប្រសាសន៍ថា៖ «ការពង្រីកការចែកចាយស៊ីមកាតរបស់យើងគឺជាអ្វីដែលយើងកំពុងធ្វើការ។ ជាមួយនឹងការពង្រីកបច្ចេកវិទ្យា4G យើងធានាថាផលិតផលរបស់យើងគឹជាអ្វីដែលអតិថិជនចង់បាន ដោយធានាពីភាពងាយស្រួលក្នុងការស្វែងរកផលិតផលរបស់យើង ទាំងនៅកន្លែងដែលពួកគេរស់នៅ និងធ្វើការផងដែរ។ ខណៈពេលដែលយើងមិនទាន់មានដៃគូចែកចាយផ្តាច់មុខនៅឡើយ យើងក៏បានចាប់ដៃគូជាមួយហាងទំនិញដែលកំពុងមានការរីកដុះដាលខ្លាំង ហើយវាបានក្លាយជាកន្លែងសម្រាប់សិស្សានុសិស្ស និងអ្នកធ្វើការអាចណាត់ជួបជុំគ្នា។ ការចាប់ដៃគូសហការនេះក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធជាមួយយុវជនមួយកម្រិតទៀត។ យើងទនឹងសហការជាមួយហាង Circle K និងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីសម្រេចគោលបំណងជាច្រើនរបស់ពួកយើង។»
សកម្មភាពផ្សេងៗក្នុងភាពជាដៃគូរវាងហាង Circle K និង ក្រុមហ៊ុនសែលកាត នឹងមាននៅលើទំព័របណ្តាញសង្គមរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ៕