ភ្នំពេញ ថ្ងៃទី5-6 ធ្នូ៖ ព្រឹត្តិការណ៍បារខែមចុងក្រោយសម្រាប់ឆ្នាំ2015 គឺបារខែមកំពង់ចាម ដែលបានប្រព្រឹត្តទៅនាថ្ងៃទី5-6 ធ្នូ ដោយគ្រប់ស៊េរីនីមួយៗមានការចូលរួមដ៏ច្រើនកុះករ បានជំរុញឲ្យអ្នករៀបចំកម្មវិធីបារខែមកម្ពុជា និង សែលកាត កាន់តែមានទឹកចិត្ត ឈានទៅដល់ការរៀបចំព្រឹត្តិការណ៍សម្រាប់ឆ្នាំក្រោយៗទៀត ។
ព្រឹត្តិការណ៍បារខែមកំពង់ចាម មានអ្នកចូលរួមប្រមាណជិត400នាក់ សម្រាប់ការរៀបចំរយៈពេលពីរថ្ងៃនៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។ ក្នុងឱកាសនោះផងដែរក៏មានការចូលរួមពីសំណាក់អ្នកជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ថ្នាក់ដឹកនាំពាណិជ្ជកម្ម អ្នកច្នៃបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត អង្គការក្រៅរាជរដ្ឋាភិបាល សាស្ត្រាចារ្យ និងសិស្សនិស្សិតជាច្រើន ក្នុងបំណងស្វែងយល់ពីសក្ដានុពលបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងបានសិក្សា និង ចូលរួមសហការជាមួយអ្នកជំនាញបច្ចេកវិទ្យា និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះផងដែរ។
អ្នកចូលរួមទាំងអស់ពិតជាមិនខកបំណងឡើយ ដោយសារក្នុងបារខែមកំពង់ចាម មានវត្តមានវាគ្មិនចំនួន 20រូប និងប្រធានបទពាក់ព័ន្ធដល់ទៅ 34ប្រធានបទ ។ កិច្ចពិភាក្សាក្រុមដែលមានសមាជិកបួនរូបលើប្រធានបទ “ការងារ និងសមាហរណកម្មអាស៊ាន” បានទទួលការគាំទ្រស្វាគមន៍ និងចាប់អារម្មណ៍បំផុតពីសំណាក់អ្នកចូលរួម ហើយប្រធានបទនេះក៏ស្របតាមគោលដៅរបស់ព្រឹត្តិការណ៍ផងដែរ គឺ “ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន”។ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំជាស៊េរីនេះ បានជំរុញនិងលើកទឹកចិត្តអ្នកចូលរួមតាមរយៈការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធទៅវិញទៅមក។
ប្រធានបទមួយចំនួនគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលបានលើកឡើងក្នុងបទបង្ហាញនៅខេត្តកំពង់ចាម មានដូចជា កិច្ចពិភាក្សាអំពីការសរសេរគម្រោងអាជីវកម្ម ការស្រាវជ្រាវតាមអ៊ីនធើណិតបានលឿនបំផុតជាមួយ Google វិធីសាស្ត្រស្វែងរកការងារ និងការទាញយកអត្ថប្រយោជន៍ជាច្រើនពីអ៊ីនធើណិត ជាដើម។
អ្នកចូលរួមក៏បានចំណាយពេលទៅទស្សនាតាមស្ដង់ជាច្រើនដែលរៀបចំដោយ សែលកាត System Expert ODC និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺការចូលទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែលមានការចូលរួមជាមួយអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិផងដែរ។ អ្នកចូលរួមទាំងអស់ ក៏បានផ្ដល់ជាសម្ភារៈសិក្សា និងជំនួយឧបត្ថម្ភផ្សេងៗដល់មជ្ឈមណ្ឌលនេះ និងជួយសម្អាតបរិវេណជុំវិញ ព្រមទាំងនៅតាមបណ្ដោយដងទន្លេនៅក្នុងទីរួមខេត្តកំពង់ចាម។
“យើងមានក្ដីរីករាយចំពោះព្រឹត្តិការណ៍ស៊េរីចុងក្រោយប្រចាំឆ្នាំ នេះជាមួយភាពជោគជ័យក្នុងការរៀបចំនៅខេត្តកំពង់ចាមនេះ។ ការបញ្ចប់ទៅ និងការចូលរួមក្នុងព្រឹត្តិការណ៍បារខែមប្រចាំឆ្នាំនេះ ពិតទទួលបានលទ្ធផលលើសពីការរំពឹងទុក។” នេះជាការលើកឡើងរបស់តំណាងបារខែមកម្ពុជា ហើយលោកក៏បានបន្ថែមទៀតថា “មុននឹងការងារចាស់បញ្ចប់ទៅ យើងកំពុងត្រៀមរៀបចំគម្រោងសម្រាប់គំនិតផ្ដួចផ្ដើមបារខែមក្នុង ឆ្នាំក្រោយទៀត ដោយមានសុទិដ្ឋិនិយមផងដែរថាគំនិតផ្ដួចផ្ដើមនេះនឹងបន្សល់នូវ វេទិកាប្រកបដោយប្រសិទ្ធភាព និងមានសារប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនប្រកបដោយគំនិតបង្កើតថ្មី និងកសាងអនាគតអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ដោយបានលើកឡើងអំពីការប្ដេជ្ញាចិត្តក្នុងបារខែមកម្ពុជាដើម្បី បំផុសវិស័យព័ត៌មានវិទ្យានៅកម្ពុជា លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា សែលកាតនឹងនៅតែបន្តគាំទ្រគំនិតផ្ដួចផ្ដើមនេះឲ្យកាន់តែរឹងមាំ ឡើងថែមទៀត។
លោកបានបន្តទៀតថា “យើងមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ហើយកំពុងគ្រោងនឹងនាំយកគំនិតផ្ដួចផ្ដើមនេះឲ្យបានជ្រួតជ្រាបទៅដល់ ពលរដ្ឋខ្មែរកានតែច្រើនឡើងថែមទៀតនៅឆ្នាំក្រោយ។ បារខែមកម្ពុជា និងសែលកាត ប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធក្នុងការបង្ហាញពីបច្ចេកវិទ្យា និងគំនិតបង្កើតថ្មីៗ ដើម្បីជាមធ្យោបាយនាំកម្ពុជាឲ្យក្លាយជាប្រទេសអភិវឌ្ឍតាមរយៈ ចំណេះដឹងបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់កម្ពុជា។ យើងសង្ឃឹមថាគំនិតផ្ដួចផ្ដើមនេះនឹងត្រូវបានរៀបចំរួចរាល់សម្រាប់ ឆ្នាំក្រោយដើម្បីផ្ដល់នូវការគាំទ្រផ្សេងៗដែលយើងអាចជំរុញគម្រោង នេះឲ្យឈានឡើងទៅកាន់កម្រិតបន្ទាប់។”
ព្រឹត្តិការណ៍បារខែមកម្ពុជាកន្លងទៅក្នុងឆ្នាំនេះ បានរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនដូចជា កំពត បាត់ដំបង តាកែវ និង ភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមអំពីបារខែមកម្ពុជា សូមចូលទៅកាន់ www.2015.barcampcambodia.org