សែលកាត និងរ៉ូយ៉ាល់គ្រុប បង្ហើបឱ្យដឹងនូវការនាំយកបច្ចេកវិទ្យា 5G តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏សំខាន់ជាមួយនឹងក្រុមហ៊ុន ZTE | សែលកាត

សែលកាត និងរ៉ូយ៉ាល់គ្រុប បង្ហើបឱ្យដឹងនូវការនាំយកបច្ចេកវិទ្យា 5G តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏សំខាន់ជាមួយនឹងក្រុមហ៊ុន ZTE

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​ពុធ 11, 2020

ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង​ អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន ​(Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះក៏មាននូវវត្តមានចូលរួមរបស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញនូវផែនការជាផ្លូវការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើននូវសេវាគ្របដណ្ដប់ និងគុណភាពរបស់បច្ចេកវិទ្យា 4G LTE។

កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G ។

គួររំលឹងផងដែរ សែលកាតដែលជាប្រតិបត្តិករ​គ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា និងក៏ជាក្រុមហ៊ុនដែលបម្រើសេវាកម្មយូរបំផុតដែរ ដោយមានរយៈពេលប្រតិបត្តិការរហូតតទៅដល់ ២៤ ឆ្នាំ​ បានមានគម្រោងជាយូរមកហើយក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ហើយទន្ទឹមនឹងនោះក្រុមហ៊ុនក៏ចង់សម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមលើនេះ ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង គឺគាំទ្រផ្ទាល់ទៅលើគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ពោលគឺគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះក៏ជួយជម្រុញឱ្យពលរដ្ឋកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីការរស់នៅក្នុងសម័យឌីជីថលផងដែរ។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT ​របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទៅលើការអនុវត្តនូវយុទ្ធសាស្ត្រឌីជីថលរួមគ្នាសម្រាប់ប្រទេសកម្ពុជា។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរទាំងស្រុងនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះថាតួនាទីនៃការតភ្ជាប់ ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមានមកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដទៃទៀត នឹងធានាឱ្យបានថា វត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមកគុណប្រយោជន៍យ៉ាងធំធេងដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជម្រុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំនាពេលអនាគតផងដែរ៕

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!