សែលកាត ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេបានចូលរួមជាសមាជិក CSR Platform Cambodia ដើម្បីបន្តទស្សនវិស័យរបស់ខ្លួនផ្ដោតលើសកម្មភាពសង្គមដែលដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុតក្នុងការផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជន ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា “ក្នុងនាមជាសមាជិកនៃ CSR Platform Cambodia យើងពិតជាមានការតាំងចិត្តខ្ពស់ចំពោះទិសដៅសកម្មភាពសង្គមរបស់យើង”។
លោកបានបន្តទៀតថា “សែលកាត ជាក្រុមហ៊ុនដែលតែងតែជួយឧបត្ថម្ភសកម្មភាពសង្គមជាច្រើន ព្រមទាំងគម្រោងជួយសហគមន៏នានានៅទូទាំងប្រទេស ហើយយើងតែងខិតខំអស់ពីលទ្ធភាពដើម្បីរួមចំណែកជួយទៅតាមអ្វីដែលយើងអាចធ្វើបាន។”
“ប៉ុន្តែឥឡូវនេះយើងត្រូវមើលទៅលើការប្រើប្រាស់ធនធានដែលមានកំណត់ឲ្យមានប្រសិទ្ធភាពជាអតិថិបរមាដើម្បីសង្គមយើង ហើយយើងអាចធ្វើដូច្នេះបានតាមរយៈការបង្កើតគោលការណ៍និង រចនាសម្ព័ន្ធ ច្បាស់លាស់។”
ការវិនិយោគរបស់សែលកាត លើគម្រោងជួយសង្គម និងព្រឹត្តិការណ៍សង្គមផ្សេងៗ រយៈពេលប្រតិបត្តិការ ជាង 20ឆ្នាំមកនេះ ជាសារៈសំខាន់មួយជួយបង្កើនឲ្យយើងយល់កាន់តែច្បាស់ពីសាធារណៈជនដើម្បីក្លាយជាក្រុមហ៊ុនមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូររីកចម្រើនដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ។ នេះជាការលើកឡើងរបស់លោក វ៉ាតសុន។
“ កត្តាដទៃទៀតដែលលេចធ្លោសម្រាប់សែលកាត គឺ ភាពជឿទុកចិត្ត សុចរិតភាព និងការយកចិត្តទុកដាក់សម្រាប់អនាគត។”
ជាក់ស្ដែង ថ្មីៗនេះ សែលកាត បានប្រកាសពីកិច្ចសហការជាដៃគូរបស់ខ្លួន ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលនេះជាការឆ្លុះបញ្ចាំងពីការពង្រឹងការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនចំពោះសង្គម។
តាមរយៈកិច្ចសហការនេះ នឹងបង្ហាញឲ្យឃើញពីលទ្ធផលជាផ្លែផ្កាតាមរយៈគំនិតផ្ដួចផ្ដើមបង្កើតសាលាតម្រង់ទិសបាល់ទាត់សែលកាតនៅតាមបណ្ដាខេត្តក្រុងទាំងអស់ នាពាក់កណ្ដាលឆ្នាំក្រោយ។
លោក វ៉ាតសុន បានគូសបញ្ជាក់ផងដែរថា “ជាមួយគំនិតផ្ដួចផ្ដើមសកម្មភាពសង្គមទាំងនេះ យើងមានគោលបំណង ជួយឲ្យយុវវ័យចៀសផុតពីសកម្មភាពអវិជ្ជមានដូចជាគ្រឿងញៀន គ្រឿងស្រវឹង និងបទល្មើសនានា។
“ការចូលរួមជាសមាជិកនៃ CSR Platform Cambodia នេះ យើងនឹងប្រឹងប្រែងពង្រឹងតួនាទីយើងក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរ គួរជាទីមោទនតែមួយគត់នៅកម្ពុជា ដែលបានផ្ដល់នូវការចាប់អារម្មណ៍ចំពោះភាពរីកចម្រើននៃអនាគតប្រទេសជាតិ។”
អ្នកស្រី Romina de Jong អ្នកតំណាង CSR Platform Cambodia មានប្រសាសន៍ថា អ្នកស្រីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សែលកាត ចំពោះការក្លាយជាសមាជិកនេះ។
ការប្ដេជ្ញាចិត្តរបស់សែលកាត ចំពោះសកម្មភាពសង្គម និងតួនាទីក្នុងវេទិកានេះ នឹងជួយជំរុញស្មារតីក្រុមហ៊ុនប្រតិបត្តិការដទៃទៀតឲ្យអនុវត្តតាមគំរូនេះបង្កើតនូវឥទ្ធិពលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍ដែលពួកគេធ្វើប្រតិបត្តិការ។