សិស្សនិស្សិតក្នុងវគ្គសិក្សា Bootcamp ក្រោមការសហការរវាង សែលកាត និង SabaiCode ទើបតែបានបញ្ចប់វគ្គ Module 2 នៃ Module ទាំង 4 ក្នុងកម្មវិធីសិក្សានេះ។ ការបញ្ចប់វគ្គ Front-End with React / Next JS បានផ្តល់នូវមូលដ្ឋានគ្រឹះដល់ក្រុមទាំង 4 គឺមានក្រុម Domnak, Frugality Book, Place និង SmartLoad ឱ្យយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា Git & GitHub, Bitbucket, ReactJS /NextJS: PWA with MU/Ionic, UI Testing (Jest, Enzyme) និង Capacitor/ Electron ។
ការធ្វើបទបង្ហាញអំពីការរីកចម្រើនរបស់ក្រុមនីមួយៗត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅឯ SabaiCode។
លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode មានប្រសាសន៍ថា៖ “យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់សិស្សនិស្សិតទាំងអស់។ ភាពរីករាយនិងចំណង់ចំណូលចិត្តរបស់ពួកគាត់ចំពោះគម្រោងនេះគឺពិតជាបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងណាស់។ ពួកគាត់បានខិតខំប្រឹងប្រែងជាច្រើនម៉ោងក្នុងការសក្សាស្វែងយល់ និងអនុវត្តមេរៀនដែលពួកគាត់បានរៀនពេញមួយវគ្គកន្លងមកនេះ ហើយយើងក៏អាចមើលឃើញពីបំណងប្រាថ្នា និងចំណាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមទៀត ដែលពួកគាត់បង្កើតគម្រោងក្នុងក្តីស្រម៉ៃឱ្យក្លាយជាការពិត។”
គម្រោង Domnak គឺផ្តោតលើការបំពេញចន្លោះវប្រហោងនៅក្នុងសេវាកម្មជួលអចលនទ្រព្យ។ គោលបំណងរបស់ពួកគាត់គឺដើម្បីបង្កើតកម្មវិធីឬគេហទំព័រដើម្បីគាំទ្រនូវតម្រូវការការជួលអចលនទ្រព្យសម្រាប់ជនចំណាកស្រុកពីបណ្តាខេត្តនានា ជាពិសេសគឺ សិស្ស និស្សិត និងកម្មករ ដែលផ្លាស់ប្តូរទីលំនៅមកទីក្រុងភ្នំពេញ។ កម្មវិធីនេះក៏នឹងផ្តល់ជូននូវសេវាកម្មដល់អចលនៈទ្រព្យតូចៗផងដែរ ដោយអនុញ្ញាតឱ្យពួកគាត់ផ្សព្វផ្សាយពាណិជ្ជកម្មអចលនទ្រព្យរបស់ពួកគាត់នៅលើប្រព័ន្ធឌីជីថល និងផ្តល់នូវវេទិកាដែលផ្តល់សេវាកម្មពិសេសដល់ការជួលបន្ទប់ជាជាងអាផាតមិនឬខុនដូ។ គំរូដើមនៃវេទិកា Domnak រួមជាមួយនឹងតម្រូវការនិងផែនការគម្រោងរបស់ពួកគាត់ត្រូវបានបង្ហាញក្នុងអំឡុងពេលការធ្វើបទបង្ហាញនេះផងដែរ។
គម្រោង Frugality Book មានគោលបំណងឱ្យមានការចូលប្រើប្រាស់នូវការជួញដូរសៀវភៅដែលបានប្រើប្រាស់រួចហើយតាមរយៈប្រព័ន្ធឌីជីថល ដោះស្រាយតម្រូវការរបស់សិស្សនិស្សិតដែលមិនមានលទ្ធភាពទិញសៀវភៅថ្មី ដោយអាចប្រើធនធាននេះជំនួសបាន។ គម្រោងនេះព្យាយាមផ្តល់ជូននូវការចូលប្រើបណ្ណាល័យអនឡាញដោយឥតគិតថ្លៃ និងហាងលក់សៀវភៅសិក្សាដែលប្រើប្រាស់រួចហើយតាមរយៈប្រព័ន្ធអនឡាញ។ គម្រោងនេះក៏ជួយដោះស្រាយបញ្ហាបរិស្ថានដោយផ្តល់សៀវភៅសិក្សាដែលប្រើប្រាស់រួចហើយឱ្យមានអាយុកាលប្រើបាស់បានយួរជាងមុន ដែលជាការចូលរួមចំណែកកាត់បន្ថយកាកសំណល់។ គំរូនៃវេទិកានេះ ពត៌មានលម្អិតអំពីអតិថិជន បច្ចេកវិទ្យាដែលត្រូវប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ និងការកំណត់ពេលវេលានៃការអភិវឌ្ឍន៍ ត្រូវបានបង្ហាញក្នុងអំឡុងពេលការធ្វើបទបង្ហាញជាមួយនឹងការធ្វើតេស្តវេទិកាដែលគ្រោងទុកសម្រាប់ខែធ្នូឆ្នាំនេះផងដែរ។
គម្រោង Place មានគោលបំណងគាំទ្រដល់ការស្ដារឡើងវិញនៃវិស័យទេសចរណ៍ជាមួយនឹងវេទិកាដែលស្វែងរកបណ្តាទីកន្លែងដែលយើងអាចមិនធ្លាប់ស្គាល់ពីមុនមក ដែលមានពត៌មានសម្អិតដូចជាការណែនាំអំពីមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ សកម្មភាព និងកន្លែងដែលមានម្ហូបអាហារឆ្ងាញ់ៗជាដើម។ លក្ខណៈពិសេសនៃគម្រោងនេះគឺសមត្ថភាពរបស់វាក្នុងការផ្ទុកមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ផ្ទាល់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងតំបន់បង្ហាញនិងផ្សព្វផ្សាយពីកន្លែងដែលពួកគាត់ចូលចិត្ត និងកន្លែងពិសេសៗនៅក្នុងខេត្តរបស់ពួកគាត់ដែលអាចមិនទាន់មានគេស្គាល់នៅឡើយ។ នៅក្នុងវេទិកានេះ អ្នកអាចរើសយកការស្វែងរក និងជម្រើសប្រភេទដ៏ទូលំទូលាយ ដើម្បីជួយឱ្យអ្នកទស្សនាអាចរើសការណែនាំតាមចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់ពួកគាត់បាន។ អាចរើសភាសាប្រើប្រាស់ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក្រុមការងារមានបំណងឱ្យវេទិកានេះក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសបើនិយាយអំពីការស្វែងយល់ពីប្រទេសកម្ពុជា។ សមាជិកក្នុងក្រុមបានបង្ហាញពីរចនាសម្ព័ន្ធលម្អិតនៃវេទិកា អាចតាមដានការធ្វើដំណើររបស់អតិថិជន និងកត់សម្គាល់លក្ខណៈពិសេសយ៉ាងទូលំទូលាយរបស់វេទិកា។ ក្រុមនិស្សិតនឹងស្វែងរកដៃគូសហការយ៉ាងសកម្មសម្រាប់គម្រោងនេះក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។
គម្រោង SmartLoad មានគោលបំណងគាំទ្រអ្នកលក់ទំនិញតាមប្រព័ន្វអនឡាញជាមួយនឹងវេទិកាមួយដែលរួបរួមជាមួយឧបករណ៍ដើម្បីតាមដាន វិភាគ និងរក្សាទុកប្រវត្តិនៃការទិញរបស់អតិថិជន ផ្តល់ការយល់ដឹងអំពីដំណើរការអាជីវកម្ម ក៏ដូចជាការលើកកម្ពស់សេវាកម្មសម្រាប់អតិថិជនផងដែរ។ គំរូសម្រាប់គម្រោងនេះមានឧបករណ៍គ្រប់គ្រងពេលវេលាជាក់ស្តែង ដែលធ្វើឱ្យវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការវាយតម្លៃប្រតិបត្តិការរបស់ពួកគេភ្លាមៗ ខណៈពេលដែលមានការផ្តល់ជូននូវការតាមដានការដាក់បញ្ជាទិញ និងមូលដ្ឋានទិន្នន័យអតិថិជន។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយជាខ្លាំងដែលបានឃើញការរីកចម្រើនក្នុងគម្រោងទាំងនេះ។ យើងមើលឃើញពីសក្តានុពលនៅក្នុងកម្មវិធីនីមួយៗ ហើយក៏សូមកោតសរសើរដែលកម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយតម្រូវការ និងចន្លោះប្រហោងក្នុងទីផ្សារដែលនៅមិនទាន់អាចដោះស្រាយបាន។ នេះបានបង្ហាញឱ្យឃើញអំពីទេពកោសល្យរបស់យុវវ័យនាពេលបច្ចុប្បន្ននេះ ការយល់ដឹងរបស់ពួកគាត់ និងចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងការរួមចំនែកដោះស្រាយបញ្ហាសង្គម។ ពួកគាត់បានធ្វើបទបញ្ហាញអំពីគម្រោងដោយពោរពេញទៅដោយភាពជឿជាក់ និងមុះមុត។ ពួកគាត់កំពុងគិតពីរបៀបដែលកម្មវិធីទាំងនេះនឹងដំណើរការដើម្បីផ្តល់នូវបទពិសោធន៍ដែលពួកគាត់ស្រម៉ៃ ហើយគិតទៅលើឧបករណ៍និងចំណេះដឹងអ្វីខ្លះដែលពួកគេត្រូវការដើម្បីធ្វើឱ្យវាក្លាយជាការពិត។ យើងទន្ទឹងរង់ចាំឱ្យកម្មវិធីទាំងនេះដាក់ដំណើរការជាផ្លូវការ ហើយនិងចង់ឃើញសិស្សនិស្សិតម្នាក់ៗមានការរីកចម្រើនក្នុងសក្តានុពលពេញលេញរបស់ពួកគេ។ សូមអបអរសាទរដល់សិស្សនិស្សិតទាំង 4 ក្រុម!”
វគ្គសិក្សា Module 3 នឹងផ្តោតលើការសិក្សាអំពី Back-End Development ដោយប្រើបច្ចេកវិទ្យា Express JS, Database MongoDB ដែលនឹងពង្រឹងការអនុវត្តគម្រោងរបស់ពួកគាត់។
វគ្គសិក្សា bootcamp របស់ SabaiCode គឺជាវគ្គសិក្សាដែលមានរយៈពេល 12 ខែ ដែលជូយបណ្តុះបណ្តាលសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍សរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។ សែលកាត បានចាប់ដៃគូសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹងនិងសមត្ថភាពប្រព័ន្ធឌីជីថលនៅកម្ពុជា។