បុគ្គលិកឆ្នើមរបស់សែលកាត អ្នកនាង ហ្វាត ស៊ីអែម ប្រធានផ្នែក Transport Planning and Optimisation បានទទួលពានរង្វាន់ វិស្វករស្ត្រីជោគជ័យក្នុងជំនាញ ប.គ.ព ប្រចាំឆ្នាំ 2018។
ពានរង្វាន់នេះ ត្រូវបានប្រគល់ក្នុងកម្មវិធី “ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា 2018″ ដែលរៀបចំឡើងដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃ 7 មីនា មុនទិវានារីអន្តរជាតិ។
ពានរង្វាន់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ជួយជុំរុញស្រ្តីកម្ពុជា ឲ្យដើរតួនាទីយ៉ាង សំខាន់ ក្នុងវិស័យទំនាក់ទំនងព័ត៌មានវិទ្យា ដែលអាចកាត់បន្ថយវិសមភាព រវាងស្រ្តីនិងបុរសក្នុងវិស័យនេះ។
ដំណើរការនៃការជ្រើសរើសបេក្ខជន បានចាប់ផ្តើមចាប់ពីថ្ងៃ 15 កុម្ភះ ហើយបេក្ខជនទាំងអស់ ត្រូវបានជ្រើសរើស និងធ្វើការវាយតម្លៃ ដោយក្រសួង ដោយផ្អែកលើលក្ខខ័ណ្ឌ ក្នុងការជ្រើសរើស និងលក្ខណះសម្បត្តិមួយចំនួន។
អ្នកនាង ហ្វាត ស៊ីអែម បានលើកឡើងថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលត្រួវបានជ្រើសរើស សម្រាប់ពានរង្វាន់នេះ។ នេះ មិនត្រឹមតែជាកត្តិយសសម្រាប់ខ្ញុំ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្រុមការងារសែលកាតផងដែរ។
អ្នកនាងបានបន្តទៀតថា ពានរង្វាន់នេះ ពិតជាមានន័យណាស់សម្រាប់ខ្ញុំ និងជួយជុំរុញ ស្រ្តីកម្ពុជាទាំងអស់កាន់តែសកម្មក្នុងវិស័យទំនាក់ទំនងព័ត៌មានវិទ្យា។
នាយកផ្នែកធនធានមនុស្សរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកស្រី Nicky Enriquez បាននិយាយថា អ្នកនាង ស៊ីអែម បានធ្វើជាគំរូដ៏ល្អ សម្រាប់ស្រ្តីទាំងអស់នៅក្រុមហ៊ុនសែលកាត និងក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុនសែលកាត បានឈ្នះពានរង្វាន់7 ឆ្នាំជាប់ៗគ្នាផ្នែក Best Employer Brand Awards ចាប់តាំងពីឆ្នាំ 2012 ដល់ឆ្នាំ 2018 ដែលជាក្រុមហ៊ុនដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ បុគ្គលិក និង មានបរិស្ថានការងារល្អ ។
កាលពីឆ្នាំមុន នាយកផ្នែកពត៌មានវិទ្យា របស់ក្រុមហ៊ុនសែលកាត ក៏បានទទួលបានពានរង្វាន់ CIO ASEAN award ផងដែរ។