ក្រុមហ៊ុនសែលកាតបានបង្ហាញនូវចក្ខុវិស័យទីក្រុងឆ្លាតវៃរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅក្នុងបទបង្ហាញមួយដែលធ្វើឡើងនៅក្នុង Mobile World Congress Shanghai 2021 នាសប្តាហ៍នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យបំផុតមួយ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុនលំដាប់ពិភពលោកល្បីៗនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
បទបង្ហាញនេះ បានបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត សម្រាប់ទីក្រុងឆ្លាតវៃ នៅក្នុងប្រទេសកម្ពុជា រួមជាមួយសក្តានុពលភាពក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូ និងការវិនិយោគលើបច្ចេកវិទ្យា 5G ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរនូវទម្លាប់រស់នៅ ការធ្វើការងារ និងការកម្សាន្តរបស់មនុស្សជំនាន់ក្រោយ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានធ្វើបទបង្ហាញនេះឡើង ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលបណ្តាញ 5G (5G Network Summit) ដោយក្នុងនោះរួមមាននូវវត្តមានចូលរួមរបស់នាយកប្រតិបត្តិមកពីបណ្តាប្រតិបត្តិករ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជាក្រុមហ៊ុន China Telecom, China Unicom, Deloitte, Huawei និងក្រុមហ៊ុនល្បីៗជាច្រើនទៀតផងដែរ។
លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងត្រូវចាប់ផ្តើមកសាងទីក្រុងឆ្លាតវៃពីពេលនេះតទៅ សម្រាប់កូនៗ និងក្មេងៗជំនាន់ក្រោយ ដែលពួកគេនឹងបម្រើការងារ ក៏ដូចជាចាប់យកអាជីពនៅក្នុងវិស័យបច្ចេកវិទ្យានេះ ដោយក្នុងនោះមានដូចជា IoT, Big Data, Artificial Intelligence, Robotics និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតជាដើម។
“ហើយពួកគេ នឹងក្លាយជាអ្នកជំនាន់ថ្មី ដែលធានាថាបច្ចេកវិទ្យាទាំងនេះ នឹងជួយផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងខ្យល់បរិសុទ្ធដើម្បីទ្រទ្រង់ប្រទេសកម្ពុជានាពេលអនាគត ក៏ដូចជាជួយការពារដល់បរិស្ថាន ជីវចម្រុះ និងវប្បធម៌ខ្មែរផងដែរ។”
លោក វ៉ាតសុន បានគូសបញ្ជាក់ឱ្យដឹងទៀតថា យើងមានតម្រូវការសំខាន់ៗចំនួន 5 សម្រាប់ទីក្រុងឆ្លាតវៃ ដោយក្នុងនោះរួមមានការគាំទ្ររបស់រដ្ឋាភិបាល សេដ្ឋកិច្ចដែលមានភាពរឹងមាំ ការចូលរួមដោយប្រជាជន ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងដៃគូចូលរួមសហការ។
“ប្រទេសកម្ពុជាជាទីផ្សារមួយនៅលើពិភពលោកដែលសម្បូរទៅដោយយុវជនវ័យក្មេង មានសេដ្ឋកិច្ចរឹងមាំ និងមានរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់ក្នុងការចូលរួមគាំទ្រ”។
“ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ 100% សែលកាតចាត់ទុកថា នេះគឺជាកាតព្វកិច្ចរបស់យើង រួមជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ក្នុងការទាក់ទាញការវិនិយោគ និងដៃគូសហការដែលចាំបាច់ដើម្បីសាងសង់ទីក្រុងឆ្លាតវៃគាំទ្រដោយបច្ចេកវិទ្យា 5G នេះឡើង”។
ព្រឹត្តិការណ៍ខ្នាតយក្ស ដូចជា Mobile World Congress នេះជាដើម គឺជាវេទិកាលំដាប់ពិភពលោកដែលទាក់ទាញនូវចំណាប់អារម្មណ៍ខ្ពស់ និងមានប្រសិទ្ធភាពបំផុតក្នុងការចែករំលែកនូវចក្ខុវិស័យរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏សូមថ្លែងអំណរគុណដល់ស្ថាប័ន GSMA ផងដែរ ចំពោះការផ្តល់ឱកាសដ៏មានតម្លៃ និងការចូលរួមគាំទ្រតាំងតែពីដើមរៀងមក៕