នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។
តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។
Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។
លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។
“យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដនេះជាដើម ដើម្បីធានាថា យើងអាចដើរទន្ទឹមគ្នាជាមួយប្រទេសជិតខាងរបស់យើង ក៏ដូចជាជួយផ្តល់ដល់សហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីៗ នូវការគាំទ្រដែលពួកគេត្រូវការជាចំបាច់ផងដែរ”។
“នេះជាឱកាសដ៏ប្រសើរបំផុតមួយសម្រាប់យុវជនខ្មែរ ដែលពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការចាប់យកនូវអាជីពថ្មីក្នុងវិស័យឌីជីថល ដែលកំពុងមានភាពទាក់ទាញខ្លាំងនៅក្នុងប្រទេសកម្ពុជា”។
លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode ដែលបច្ចុប្បន្នមានមូលដ្ឋាននៅ Silicon Valley បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់អាហារូបករណ៍ជូនដល់សិស្សនិស្សិត ដែលស្រឡាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែរ។
“ពួកយើងមានក្តីរំភើបរីករាយបំផុត ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ដូចជាសែលកាតនេះ ដែលបេសកកម្មរបស់ពួកគេ រួមមានទាំងការតបស្នងជួយទៅដល់សហគមន៍វិញផងនោះ។ កិច្ចសហការឌីជីថលមួយនេះ នឹងជួយឱ្យពួកយើងអាចផ្តល់ឱកាសដល់សិស្សនិស្សិតដែលមានសក្តានុពលខ្ពស់ ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់អាចចូលរួមក្នុងកម្មវិធីនេះបាន។ ជំនួយឧបត្ថម្ភនេះ ពិតជានឹងអាចជួយកែប្រែអនាគតសិស្សនិស្សិតទាំងអស់នេះជាក់ជាពុំខាន ហើយទន្ទឹមនឹងនោះ ពួកយើងក៏នឹងទន្ទឹងរង់ចាំមើលនូវលទ្ធផលជាផ្លែផ្កា ដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ”។
តាមរយៈវគ្គ Bootcamp នេះ សិស្សនិស្សិតទាំងអស់ នឹងទទួលបានការណែនាំដោយអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគេកំពុងក្រេបយកនូវជំនាញដែលត្រូវការជាចាំបាច់ ដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអាជីព។ វគ្គសិក្សានេះ រួមបញ្ចូលទាំងគម្រោងអនុវត្តន៍ជាក់ស្តែង ដែលអនុញ្ញាតឱ្យសិស្សនិស្សិតអាចកសាងគុណវុឌ្ឈិដ៏រឹងមាំ សម្រាប់បង្ហាញជូនដល់ក្រុមហ៊ុនដែលពួកគេមានចំណាប់អារម្មណ៍ចង់បម្រើការងារជូនផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សារួច SabaiCode នឹងជួយដល់សិស្សនិស្សិតក្នុងការស្វែងរកការងារនៅក្នុងវិស័យអភិវឌ្ឍន៍សូហ្វវែរឱ្យបានជោគជ័យ។ កិច្ចសហការជាដៃគូនេះ បានលេចចេញជារូបរាងឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការ Pouk Mak App ដែលជាកម្មវិធីជជែកកម្សាន្តខ្មែរ បង្កើតឡើងដើម្បីជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធឡើង។
បង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរ កម្មវិធីនេះមានផ្តល់ជូននូវផ្ទាំងកម្មវិធីជាភាសាខ្មែរ ១០០% និងផ្តល់ជូនដល់អ្នកប្រើប្រាស់នូវការតេចេញ និងផ្ញើសារដោយឥតគិតថ្លៃ ពោលគឺអនុញ្ញាតឱ្យពួកគេអាចផ្ញើនិងទទួល ឯកសារ រូបថតនិងវីដេអូ លេងហ្គេមអនឡាញ តាមដានព័ត៌មាន និងរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 បែបឌីជីថលជាដើមទៀតផង។ សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ជាមួយវគ្គ Bootcamp អាចស្វែងយល់បន្ថែម ឬដាក់ពាក្យសូមចុចទីនេះ
អំពី SabaiCode
ជាស្ថាប័នអប់រំដែលមានមូលដ្ឋាននៅ Silicon Valley និងរាជធានីភ្នំពេញ SabaiCode មានជំនាញខាងផ្នែកបង្រៀនសរសេរកូដ និងរ៉ូបូត សម្រាប់អ្នកសិក្សាគ្រប់វ័យ។ វិទ្យាស្ថាននេះ ត្រូវបានដឹកនាំដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យា ជាមួយគោលបំណងក្នុងការផ្តល់ជូនដល់សិស្សនិស្សិតកម្ពុជាគ្រប់រូប នូវចំណេះដឹង និងជំនាញបច្ចេកវិទ្យា ដែលកំពុងមានតម្រូវការខ្ពស់។
អំពីសែលកាត
សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា ដែលមានផ្តល់នូវសេវាទំនាក់ទំនងតាមទូរស័ព្ទចល័ត និងសេវាកម្សាន្ត ជូនដល់អតិថិជន និងក្រុមហ៊ុនសាជីវកម្ម។ សែលកាត ជាបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕