សែលកាត បានរៀបចំដំណើរកម្សាន្តដ៏ពិសេសមួយ ដល់បុគ្គលិកឆ្នើមផ្នែកលក់ជាង 30 នាក់ ដើម្បីសម្ដែងការលើកទឹកចិត្ត និងទទួលស្គាល់ពីសមត្ថភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
ក្រុមបុគ្គលិកឆ្នើមមានឈ្មោះថា 100% Club គឺសំដៅលើបុគ្គលិកដែលអាចសម្រេចគោលដៅលក់បាន 100 % យ៉ាងមានប្រសិទ្ធភាព ក្នុងការទាក់ទាញអតិថិជនថ្មីៗរបស់សែលកាត ។
សែលកាត បានផ្ដល់រង្វាន់ជាកញ្ចប់ដំណើរកម្សាន្ត ដោយរ៉ាប់រងទាំងស្រុងទៅលើការចំនាយនានា ទៅកាន់ឆ្នេរសុខា ខេត្តព្រះសីហនុ និងភ្នំបូកគោ ខេត្តកំពត ដោយបុគ្គលិកឆ្នើមទាំងអស់អាចរីករាយជាមួយសកម្មភាពមួយចំនួនដូចជា ការរឹតចំណងមិត្តភាពក្រុម ក៏ដូចជាសម្រាកលំហែ និងទស្សនាកម្សាន្តនូវទេសភាពនៅតាមទីតាំងផ្ទាល់។
អ្នកស្រី នីគី អេនរីគេ្វស្ស នាយកប្រតិបត្តិធនធានមនុស្សរបស់ សែលកាត មានប្រសាសន៍ថា ដំណើរកម្សាន្តនេះស័ក្តិសមបំផុតសម្រាប់បុគ្គលិកឆ្នើមផ្នែកលក់ ពីព្រោះថាការទាញយកអតិថិជនថ្មីៗពិតជាមិនងាយស្រួលឡើយនៅក្នុងទីផ្សារដែលប្រកួតប្រជែងបែបនេះ។
អ្នកស្រី អេនរីគេ្វស្ស បន្តទៀតថា “បុគ្គលិកឆ្នើមរបស់យើងក៏បានចែករំលែកពីគន្លឹះពិសេសៗក្នុងការលក់ និងទាក់ទាញអតិថិជនដល់មិត្តរួមការងារផ្សេងៗទៀតផងដែរ។”
“ទោះបីជា សែលកាត មានគ្រឹះដ៏រឹងមាំរួចហើយក្តី ក៏ការលក់ត្រូវពឹងផ្អែកលើកត្តាសំខាន់ផ្សេងៗជាច្រើនទៀតមានដូចជា តម្លៃផ្ដល់ជូន សេវាបម្រើអតិថិជន បណ្ដាញសេវាគ្របដណ្តប់ និងគុណភាព ជាពិសេសទៀតនោះគឺ បុគ្គលិកលក្ខណៈរបស់ភ្នាក់ងារលក់របស់យើងតែម្ដង។”
“យើងសូមថ្លែងអំណរគុណដល់ភ្នាក់ងារលក់ដ៏ឆ្នើមរបស់យើងដែលបានបំពេញការងារយ៉ាងប៉ិនប្រសប់ ហើយយើងជឿជាក់ថា អតិថិជនក៏ទទួលបាននូវសេវាជាទីពេញចិត្ត ព្រមទាំងរីករាយជាមួយអត្ថប្រយោជន៍យ៉ាងច្រើនពីសែលកាតផងដែរ។”
ជាចុងក្រោយ អ្នកស្រី អេនរីគេ្វស្ស បានឲ្យដឹងទៀតថា សែលកាតបានប្ដេជ្ញាចិត្តយ៉ាងមុះមត់ ធ្វើយ៉ាងណាអោយខ្លួននៅតែជាក្រុមហ៊ុនឆ្នើមជម្រើសទី 1សម្រាប់និយោជិក ព្រមទាំងរក្សាឲ្យបាននូវបុគ្គលិកដែលមានសមត្ថភាព និងស្វាគមន៍ការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា។