ក្រុមហ៊ុន សែលកាត បានបង្ហាញពីការចូលរួម លើការការពារសុវត្ថិភាពកុមារ តាមបណ្តាញអ៊ីនធឺណិត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌ | សែលកាត

ក្រុមហ៊ុន សែលកាត បានបង្ហាញពីការចូលរួម លើការការពារសុវត្ថិភាពកុមារ តាមបណ្តាញអ៊ីនធឺណិត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានបញ្ជាក់ជាថ្មីពីការចូលរួមលើ ការការពារសុវត្ថិភាពកុមារតាមបណ្តាញអ៊ីនធឺណិត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤។ ក្រុមហ៊ុន សែលកាត បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើការការពារសុវត្ថិភាពសម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ កម្មវិធីនេះ​ ត្រូវបានរៀបចំដោយ អង្គភាពការពារកុមារ (CPU)​ នគរបាលជាតិកម្ពុជា​ និងក្រសួងយុត្តិធម៌។

វត្តមានដ៏ពិសេសក្នុងកម្មវិធីនេះមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលបន្ទុក នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​អ្នក​ចូល​រួមមក​ពី​គណៈ​បញ្ជាការ​នគរបាល​ជា​ច្រើន​រូបទៀត។

ដោយមានមូលនិធិលើកុមារកម្ពុជា(CCF) ពី អង្គភាពការពារកុមារ (CPU) និង នគរបាលជាតិកម្ពុជាបានផ្តួចផ្តើមរួមគ្នា  ក្នុងការ​ធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារកុមារដែលងាយរងគ្រោះ ដោយនាំយកជនល្មើស ដែលបំពានលើកុមារមករកយុត្តិធម៌តាមផ្លូវច្បាប់។

លោក James McCabe នាយកអង្គភាពការពារកុមារ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត លើការគាំទ្រជាបន្តបន្ទាប់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកានេះថា នេះជាការកសាងសមត្ថភាព របស់ភ្នាក់ងារអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ។ លោក​បាន​គូសបញ្ជាក់​ថាភាពចាំបាច់​របស់មន្ត្រី​នគរបាល គឺត្រូវមាន​​ចំណេះ​ជំនាញ​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនល្មើស ព្រម​ទាំង​ជួយផ្តល់​ជំនួយ​ចាំបាច់​​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដល់​ជនរងគ្រោះ។

ក្នុងនាម ជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវ ក្រុមហ៊ុន សែលកាត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវេទិកានេះ ដោយបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង លើផ្នែកសុវត្ថិភាពសម្រាប់កុមារតាមបណ្តាញអ៊ីនធឺណិត។ លោក តាំង លីម៉េង ប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យា និងអនុលោមភាព នៅក្រុមហ៊ុន សែលកាត និងអ៊ីហ្សីខម បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់លើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់ការការពារកុមារតាមបណ្តាញអ៊ីនធឺណិត ទន្ទឹមនឹងនេះលោកក៏បានទទួលស្គាល់អំពីបញ្ហាប្រឈមផ្នែកច្បាប់ដែលត្រូវការ ការចូលរួមពីរាជរដ្ឋាភិបាលផងដែរ។

ក្រុមហ៊ុន សែលកាត បានគិតគូរអំពីសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានសម្រាប់ការស៊ើបអង្កេត និង សម្រាប់ពន្លឿនដល់ដំណើរការនីតិវិធីនេះ។ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹង និងការអប់រំរបស់អាណាព្យាបាល ដើម្បីការពារកុមារ លើការចូលប្រើប្រាស់ខ្លឹមសារដែលបង្កគ្រោះថ្នាក់។ ការចូលរួមនេះ ​ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ចំពោះ​អ៊ីនធឺណិត​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ។ នៅក្នុងយុគសម័យឌីជីថល ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការធានាសុវត្ថិភាព និងការការពារកុមារតាមបណ្តាញអ៊ីនធឺណិត បានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រុមហ៊ុន សែលកាត ទទួលស្គាល់ពីសក្តានុពល និងហានិភ័យដ៏ធំធេង ដែលអាចទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងចំណោមកុមារទាំងឡាយ។ ដូច្នេះយើងត្រូវមានការគាំទ្រលើគោលនយោបាយនេះ ដែលជាត្រីវិស័យការសម្រាប់តម្រង់ទិស លើការការពារកុមារតាមបណ្តាញអ៊ីនធឺណិត។

លោក តាំង លីម៉េង ផ្តល់មតិថា “ចំពោះក្រុមហ៊ុន សែលកាត ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករ ផ្តល់សេវាបច្ចេកវិទ្យាដែលមានទំនួលខុសត្រូវខ្ពស់នោះ យើងត្រូវបង្កើតទីធ្លាអនឡាញដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាពិសេសកុមារ។ យើងជឿជាក់ថា តាមរយៈការសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ និងសហការលើកកម្ពស់ដល់ការយល់ដឹង យើងនឹងអាចកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារតាមបណ្តាញអ៊ីនធឺណិតបានយ៉ាងច្រើន។”

ការចូលរួមរបស់ក្រុមហ៊ុន សែលកាត នៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់នគរបាលយុត្តិធម៌នេះ គឺបានសរបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនក្នុងសង្គម ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួនជាបន្តបន្ទាប់ទៀតក្នុងកិច្ចការពារកុមារពីការគំរាមកំហែងតាមបណ្តាញអ៊ីនធឺណិត។

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!