សែលកាត ចាប់ដៃគូសហការជាមួយ ខេមឡៃហ្វ ផ្តល់ជូនពិសេសនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិត | សែលកាត

សែលកាត ចាប់ដៃគូសហការជាមួយ ខេមឡៃហ្វ ផ្តល់ជូនពិសេសនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិត

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 18, 2022

ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

ថ្ងៃនេះ សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីភាពជាដៃគូសហការថ្មីរបស់ខ្លួនក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ខេមឡៃហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ ដើម្បីផ្តល់ជូន កញ្ចប់ពិសេសនៃសេវាធានារ៉ាប់រងអាយុជីវិតដល់អតិថិជនសែលកាតតែប៉ុណ្ណោះ។

កញ្ចប់សេវាធានារ៉ាប់រងពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការការពារដែលអាចបត់បែនបានគ្រប់កាលៈទេសៈ មានតម្លៃសមរម្យ និងមិនមានភាពស្មុគស្មាញ ក្នុងករណីមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ ដោយបង្កើតបានជាសេវាកម្មបន្ថែមថ្មីពី សែលកាត ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ខ្លួន។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា កិច្ចសហការនេះគឺជាគំរូមួយទៀតរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជន។ “នេះគឺជាភាពជាដៃគូដ៏អស្ចារ្យរវាងក្រុមហ៊ុនទាំងពីរដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការចូលរួមសហការគ្នា។ ហើយក៏សូមថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឱ្យភាពជាដៃគូនេះអាចប្រព្រឹត្តទៅបានដោយរលូន។

“សែលកាត បានប្តេជ្ញាចិត្តក្នុងការថែរក្សាអតិថិជនដែលនៅជាមួយយើង ហើយយើងក៏បន្តខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ និងភាពជាដៃគូដែលអាចជួយកែសម្រួលដល់ជីវិតរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ សូមអរគុណចំពោះការផ្តល់ជូននេះជាមួយ ខេមឡៃហ្វ ដែលអតិថិជន សែលកាត អាចជឿទុកចិត្តបានថា ប្រសិនបើរឿងនឹកស្មានមិនដល់កើតឡើង យ៉ាងហោចណាស់មនុស្សជាទីស្រលាញ់របស់ពួកគាត់នឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។”

លោក Simon បានបន្ថែមថា ការមានធានារ៉ាប់រងអាយុជីវិតគឺជាការការពារដ៏សំខាន់មួយក្នុងករណីមានព្រឹត្តការណ៍ដ៏អាក្រក់បំផុតកើតឡើង។ កន្លងមកនេះនៅកម្ពុជា សេវាធានារ៉ាប់រងអាយុជីវិតមិនទាន់ត្រូវបានគេអោយតម្លៃនៅឡើយទេ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាក៏ចាប់ផ្តើមយល់ជ្រាបពីសារៈសំខាន់នៃសេវាធានារ៉ាប់រងនេះក៏កាន់តែកើនឡើងផងដែរ។
“ពួកយើងចង់លើកទឹកចិត្ត និងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងក្នុងការភ្ជាប់សេវាកម្ម។ ការវិនិយោគនេះគឺសម្រាប់អនាគតនិងស្ថិរភាពគ្រួសាររបស់ពួកគាត់”។

នាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai បានផ្តល់អនុសាសន៍ឱ្យទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនមួយនេះ។ “ខេមឡៃហ្វ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយ សែលកាត ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលមានអតិថិជនយ៉ាងច្រើនទូលំទូលាយរហូតជាង 4 លាននាក់។ ភាពជាដៃគូនេះនឹងដើរតួជាកាតាលីករក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ពួកគាត់”។

“អតិថិជនអាចទទួលបានសេវាធានារ៉ាប់រងរបស់យើងជាមួយនឹងបុព្វលាភដែលមានតម្លៃសមរម្យ និងការចុះឈ្មោះដ៏ងាយស្រួលតាមរយៈលេខទូរស័ព្ទប្រព័ន្ធសែលកាតរបស់ពួកគាត់ផ្ទាល់។ ខ្ញុំជឿថាកិច្ចសហការរបស់យើងនឹងដើរតួយ៉ាងសំខាន់ក្នុងការនាំមកនូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់អតិថិជនរបស់យើង»។

កញ្ចប់សេវាធានារ៉ាប់រងពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ មានផ្តល់ជូនសម្រាប់អតិថិជនសែលកាតទាំងអស់ដែលមានអាយុពី 18 ដល់ 60 ឆ្នាំ ហើយចំណាយលើបុព្វលាភត្រឹមតែ 0.05 ដុល្លារក្នុងមួយថ្ងៃ ឬ 1.50 ដុល្លារក្នុងមួយខែ។ ធ្វើការចុះឈ្មោះភ្ជាប់សេវាកម្មដោយគ្រាន់តែតេទៅកាន់សេវាព័ត៌មានតាមទូរស័ព្ទរបស់ ខេមឡៃហ្វ ហើយការទូទាត់នឹងត្រូវបានកាត់ចេញពីគណនីគោលរបស់អតិថិជនផ្ទាល់តែម្តង។ លោកអ្នកអាចទទួលបានប្រាក់សំណងរហូតដល់ 2,500 ដុល្លារក្នុងករណីមរណភាពឬពិការភាពអចិន្ត្រៃយ៍ទាំងនៅក្នុងប្រទេសឬក្រៅប្រទេស។

ដើម្បីភ្ជាប់សេវាធានារ៉ាប់រងពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ សូមទូរស័ព្ទទៅកាន់លេខ 061 431 111
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបានប្រព្រឹត្តឡើងនៅការិយាល័យកណ្តាលរបស់ សែលកាត កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ2022 រវាងនាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins និងនាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!