ភ្នំពេញ ថ្ងៃទី24 – 27 ខែមករា៖ ក្នុងចំណោមសិស្សនិស្សិត 2000នាក់ មកពីតំបន់ និងក្រៅពីនេះ ត្រូវបានរំពឹងថានឹងចូលរួមកម្មវិធីបោះជំរុំពិភពលោក មិត្តភាពយុវជនអន្តរជាតិ (IYF) ពីថ្ងៃទី24-27 ខែមករា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ដោយមានការឧបត្ថម្ភពីសែលកាត កម្មវិធីបោះជំរុំពិភពលោកផ្ដល់នូវព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗប្រកបដោយភាពច្នៃប្រឌិត និងរំភើបរីករាយក្នុងគោលបំណងលើកកម្ពស់ការលូតលាស់ផ្នែកស្មារតី និងអភិវឌ្ឍកែប្រែផ្នត់គំនិតដើម្បីភាពជាអ្នកដឹកនាំដល់យុវជន។ វត្ថុបំណងសំខាន់ៗរួមមានដូចជាការជួយយុវជនពីផលប៉ះពាល់ដល់ការផ្លាស់ប្ដូរក្នុង ជីវិតពួកគេ និងពិភពលោកតាមរយៈការលើកឡើងពីបញ្ហាអភិវឌ្ឍជាស្នូល និងបំពាក់បំប៉នពួកគេនូវឧបករណ៍ចាំបាច់នានា ព្រមទាំងធនធានដើម្បីក្លាយជាអ្នកដឹកនាំសម្រាប់ជំនាន់ក្រោយ។
ព្រឹត្តិការណ៍បោះជំរុំពិភពលោកឆ្នាំនេះ នឹងប្រមូលផ្ដុំដោយសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដែលមានអាយុចាប់ពី17ឆ្នាំ ដល់ 25ឆ្នាំ ដែលមកពី កម្ពុជា កូរ៉េ និងបណ្ដាប្រទេសជិតខាងជាច្រើនទៀត។ ពួកគេនឹងចូលរួមកម្មវិធីជាច្រើនរួមមាន ស៊េរីវាគ្មិនភាពជាអ្នកដឹកនាំ ដែលជាមានលក្ខណៈជាបុគ្គលលេចធ្លោ វគ្គសិក្សាអប់រំ IYF បង្រៀនដោយសាស្ត្រាចារ្យជំនាញៗ សកម្មភាពជាមិត្តភាព និងការបង្កើតក្រុម ការសម្ដែងតន្រ្តី និងវប្បធម៌ និងវគ្គពាក់ព័ន្ធផ្សេងៗទៀត។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ឲ្យដឹងថា “យើងមានមោទនភាពដែលបានឧបត្ថម្ភកម្មវិធីបោះជំរុំពិភពលោករបស់ IYF ដើម្បីបណ្ដុះស្មារតីអ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា។ ដោយមើលឃើញយុវជនខ្មែរកាន់តែច្រើនឡើងៗងាកមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីទាក់ទងទៅកាន់ពិភពលោក វាក្លាយជាសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពួកគេពួតដៃកសាងអាកប្បកិរិយា និងតម្លៃស្នូលដ៏រឹងមាំដែលនឹងផ្ដល់ជាលំនឹងសម្រាប់ជាត្រីវិស័យឲ្យពួកគេ បោះជំហានយ៉ាងឆាប់រហ័ស និងភ្ជាប់ទំនាក់ទំនងល្អក្នុងពិភពលោក។” លោកបន្តទៀតថា “សែលកាតជឿថាគំនិតផ្ដូចផ្ដើមចូលរួមសង្គមបែបនេះនឹងបង្កលក្ខណៈដល់យុវជនក្នុង ប្រទេសកម្ពុជាពង្រីកវិសាលភាព ជម្នះឧបសគ្គប្រឈមនានា និងផ្ដល់ឱកាសសម្រាប់ពួកគេដើម្បីចូលរួមវិភាគទានជាវិជ្ជមានដល់សង្គម។”
កម្មវិធីបោះជំរុំពិភពលោក គឺជាផ្នែកមួយនៃព្រឹត្តិការណ៍កម្មវិធីដំណើរកម្សាន្តរបស់ IYF ឧបត្ថម្ភដោយសែលកាត នៅព្រះរាជាណាចក្រកម្ពុជា។ ការបោះជំរុំភាសាអង់គ្លេស ត្រូវបានកំណត់រៀបចំក្នុងខែឧសភា ការបោះជំរុំយុវជនក្នុងខែឧសភា មិថុនា តុលា និងវិច្ឆិកា នៅខែត្តព្រះសីហនុ កំពង់ចាម បាត់ដំបង និងសៀមរាប តាមលំដាប់លំដោយ និងការបោះជំរុំភាសាកូរ៉េ ក្នុងខែវិច្ឆិកា ។
វានឹងមាន ដំណឹងល្អក្រុមអ្នកស្ម័គ្រចិត្ត ដែលចូលរួមអាចសិក្សាអំពីការលះបង់ផ្ទាល់ខ្លួន និងជួយអ្នកដទៃតាមរយៈសេវាបង្កើនគុណភាពនៅក្នុងបណ្ដាប្រទេសខុសៗគ្នា។
IYFគឺជាអង្គការអន្តរជាតិមួយដែលមានបំណងអភិវឌ្ឍយុវជនឲ្យក្លាយជាអ្នកដឹកនាំ ជំនាន់ក្រោយ។ អង្គការក្រៅរាជរដ្ឋាភិបាលនេះមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ2001 ហើយមាន80ការិយាល័យទូទាំងពិភពលោក។