ភ្នំពេញ ថ្ងៃទី០១សីហា២០១៨– សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់បានធ្វើការប្រកាសជាផ្លូវការណ៍មួយទៀតអំពី ការផ្ដល់់ជូនការធានាលើបណ្ដាញសេវារបស់់ខ្លួន (Cellcard Network Guarantee) ក្នុងពេលធ្វើសិន្និសីទសារព័ត៌មានបង្ហាញពីការទទួលបាននូវពានរង្វាន់Speedtest ពីស្ថាប័នOokla សម្រាប់ត្រីមាសទី១និងទី២ ក្នុងឆ្នាំ២០១៨នេះ។
ការធានាលើបណ្តាញសេវានេះ ជាការផ្ដល់ជូនដំបូងគេតែមួយគត់នៅកម្ពុជា ដែលនឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួល រាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ។
ការធានាលើបណ្តាញសេវានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូននូវគុណភាពបណ្តាញសេវាទូរស័ព្ទល្អផ្តាច់គេក្នុងការតភ្ជាប់ទំនាក់ទំនងជូនប្រជាជនកម្ពុជាទាំងអស់។
លោក Ian Watsonនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ក្នុងនាមជាបណ្តាញសេវាទូរស័ព្ទលឿនជាងគេនៅកម្ពុជា មិនត្រឹមតែមានន័យថាយើងគ្រាន់តែផ្ដល់ជូនសេវាអ៊ីនធើណិតលឿនប៉ុណ្ណោះទេប៉ុន្តែយើងផ្ដល់ជូននូវបណ្តាញសេវាជាទីទុកចិត្តសម្រាប់ការតភ្ជាប់ទំនាក់ទំនង ទាំងសេវាអ៊ីនធើណិត ការហៅទូរស័ព្ទឬក៏សារជាអក្សរ។ យើងពិតជាមានមោទនភាពណាស់ក្នុងការទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាបណ្តាញទូរស័ព្ទលឿនជាងគេនៅកម្ពុជាក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះប៉ុន្តែយើងចង់ប្រាកដថា អតិថិជនយើងមានភាពជឿជាក់ នៅពេលដែលយើងនិយាយថាយើងនឹងផ្តល់ឱ្យពួកគេនូវបណ្តាញសេវាទូរស័ព្ទលឿន និងជាទីទុកចិត្តជូនប្រជាជនខ្មែរទាំងអស់»។
ការធានាលើបណ្តាញសេវានេះ(Cellcard Network Guarantee) នឹងចាប់ផ្តើមពីថ្ងៃទី១ខែសីហានេះ ដោយផ្តល់ជូននាទីហៅចេញឥតគិតថ្លៃដល់អតិថិជនដែលជួបប្រទះសេវារអាក់រអួល ដូចជាការដាច់សេវាពេលហៅទូរស័ព្ទ។ អតិថិជនអាចរាយការណ៍ពីបញ្ហាដែលពួកគេបានជួបប្រទះ ដោយគ្រាន់តែទូរស័ព្ទទៅលេខ ៦០១០បន្ទាប់មកពួកគេនឹងទទួលបានការបន្ថែម៥នាទីទៅក្នុងគណនី រួមជាមួយនឹងសារជូនដំណឹងSMSបន្ទាប់ពីរបាយការណ៍របស់ពួកគេបានផ្ទៀងផ្ទាត់រួច។
ក្រៅពីបង្ហាញពីភាពជឿទុកចិត្តលើបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត លោក Ian Watson បន្តថា ការធានាលើបណ្តាញនេះ ក៏ជួយពង្រឹងតម្លាភាព និងលើកទឹកចិត្តឱ្យមានការសន្ទនាគ្នាពីតម្រូវការរវាងអ្នកប្រតិបត្តិការ និងអតិថិជនទៅលើសេវាកម្ម និងបណ្តាញសេវារបស់ខ្លួនដែរ។
លោក បានបន្ថែមថា៖ «ការទទួលយកមតិពីអតិថិជនរបស់យើង ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ដើម្បីបន្តកសាង និងពង្រឹងបណ្តាញទូរស័ព្ទរបស់យើង ក្នុងការត្រៀមខ្លួននាំយកបច្ចេកវិទ្យា5Gក្នុងពេលឆាប់ៗខាងមុខនេះ»។
សម្រាប់ព័ត៌មានបន្ថែម អំពីការធានាលើបណ្ដាញសេវារបស់សែលកាត សូមចូលទៅកាន់ ការធានាលើបណ្តាញសេវា ឬក៏អាចចូលទៅ ទំព័រហ្វេសប៊ុករបស់សែលកាត។