សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធី “Cellcard Free Data Distance Education Program” ក្នុងការគាំទ្រដល់កម្មវិធីទូរស័ព្ទដៃ “ការអប់រំពីចម្ងាយ” ដែលបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | សែលកាត

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធី “Cellcard Free Data Distance Education Program” ក្នុងការគាំទ្រដល់កម្មវិធីទូរស័ព្ទដៃ “ការអប់រំពីចម្ងាយ” ដែលបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 15, 2020

ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនCellcard សូមជម្រាបជូនដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតានិងអ្នកអាណាព្យាបាលសិស្ស និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន Cellcard នឹងដាក់អោយដំណើរការចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ នូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា “Cellcard Free Data Distance Education” ដែលជាជាការគាំទ្រដល់កម្មវិធីទូរស័ព្ទដៃ (Mobile App) ដែលមានឈ្មោះថា “ការអប់រំពីចម្ងាយ – Distance Education” ដែលរៀបចំបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធី “Cellcard Free Data Distance Education” នឹងអនុញ្ញាតអោយសិស្សានុសិស្ស បុគ្គលិកអប់រំ និងសាធារណៈជនទាំងអស់ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន Cellcard អាចប្រើប្រាស់ដោយឥតគិតថ្លៃសេវា និងដោយរហ័សទាន់ចិត្ត នូវវីដេអូនៃការបង្រៀន ដែលមាននៅក្នុង App “ការអប់រំពីចម្ងាយ – Distance Education” ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ ដល់ម៉ោង១១៖០០ព្រឹក។

ក្រសួងអប់រំ យុវជន និងកីឡា ឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថាន NIPTIC និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការរៀបចំបង្កើត App “ការអប់រំពីចម្ងាយ – Distance Education” ហើយដែលសិស្សានុសិស្ស បុគ្គលិកអប់រំ និងសាធារណៈជនទាំងអស់ អាច Download សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។ App “ការអប់រំពីចម្ងាយ – Distance Education” នេះ នឹងផ្តល់វីដេអូនៃការបង្រៀន សម្រាប់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់ទី៩ ដល់ទី១២ ដែលជាជំហានដ៏សំខាន់មួយនៅក្នុងការផ្តល់សេវា អប់រំឌីជីថល និងពីចម្ងាយ។ ក្រុមហ៊ុន Cellcard បានព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុញ្ញាតអោយសិស្សានុសិស្ស បុគ្គលិកអប់រំ និងសាធារណៈជនទាំងអស់ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន Cellcard អាចប្រើប្រាស់ App “ការអប់រំពីចម្ងាយ – Distance Education” នេះ ដោយឥតគិតថ្លៃទិន្នន័យអ៊ីនធ័រណែត។ នេះជាកិច្ចខិតខំប្រឹងប្រែងនៃស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកលើកកម្ពស់គុណភាព និងសមធម៌នៃការអប់រំ ក្នុងអំឡុងពេលនៃការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាថា ៖ “ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រា តែមានការអប់រំបែបឌីជីថល”។

ការអប់រំបែបឌីជីថលក្នុងបរិបទឧស្សាហកម្ម៤.0 មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។ លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard ក៏បានលើកឡើងថា ៖ “កិច្ចការនេះគឺជាកម្មវិធីប្រកបដោយនវានុវត្តន៍មួយនៃក្រុមហ៊ុន Cellcard ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស ហើយក្នុងនាមជាក្រុមហ៊ុនសូមជម្រាបជូនដល់សិស្សានុសិស្សថា Cellcard នឹងនៅទីនេះដើម្បីជួយដល់ការសិក្សា និងការងារនៅថ្ងៃអនាគត”។

កិច្ចខិតខំប្រឹងប្រែងទាំងអម្បាលម៉ាននេះ ជាការបញ្ជាក់ថា ការអប់រំឌីជីថលនិងពីចម្ងាយ នឹងបានទៅដល់ដៃសិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកាត់បន្ថយគម្លាតឌីជីថលឲ្យអស់ពីលទ្ធភាព។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!