សែលកាតបានបង្ហាញជូននូវផលិតផលឌីជីថល និងឧបករណ៍ភ្ជាប់ដោយអ៊ីនធើណិតថ្មីនៅក្នុងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២២
ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃពុធ 06, 2022
ក្នុងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ (Real Estate Expo 2022) កាលពីពេលថ្មីៗនេះ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព្រីមៀ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សែលកាត ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានចែករំលែកឱ្យដឹងនូវតួនាទី និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមធ្វើឌីជីថលនីយកម្មនៅកម្ពុជា ដោយបានលើកឡើងនូវផលិតផល Dual Play និងផលិតផលហ្គេមលើពពក (Cloud Gaming Production) ដែលទើបនឹងបង្ហាញចេញនាពេលថ្មីៗនេះ រួមជាមួយនឹងការបង្ហាញឧបករណ៍ភ្ជាប់ដោយអ៊ីនធើណិតជាមួយដៃគូ Nine Group។
ផលិតផល Dual Play របស់សែលកាត ដែលត្រូវបានប្រសិទ្ធនាមថា Cellcard One គឹជាការរួមបញ្ចូលគ្នានូវប្រព័ន្ធ Wifi និងការតភ្ជាប់អ៊ីនធើណិតតាមបណ្តាញទូរស័ព្ទចល័តនៅក្នុងកញ្ចប់តែមួយ ក្រោមគណនីមួយ និងវិក្កយបត្រតែមួយ។ Cellcard One ដែលអាចប្រើប្រាស់បានទាំងសម្រាប់គេហដ្ឋាន និងអាជីវកម្ម គឺជាគម្រោងសហការដ៏សំខាន់មួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ខ្លួន ដែលមាន សែលកាត និង Ezecom។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍នៃបណ្តាញទូរស័ព្ទចល័តដ៏ទូលំទូលាយរបស់សែលកាត និងបណ្តាញខ្សែកាបអុបទិករបស់ Ezecom នឹងអាចធានាបាននូវការតភ្ជាប់បណ្តាញអ៊ីនធើណិត ប្រកបដោយគុណភាពខ្ពស់ទាំងនៅគេហដ្ឋាន កន្លែងធ្វើការ និងក្នុងពេលធ្វើដំណើរ។ កញ្ចប់ទាំងនេះ នឹងមានផ្តល់ជូននូវល្បឿនបញ្ជូនទិន្នន័យដ៏លឿនបំផុតសម្រាប់គម្រោងតាមគេហដ្ឋាន (Home Plan) ខណៈគម្រោងសម្រាប់អាជីវកម្ម (Business Plan) នឹងផ្តល់ជូននូវគុណប្រយោជន៍ខ្ពស់ រួមជាមួយនឹងតម្លៃដ៏សមរម្យបំផុតនៅលើទីផ្សារ។
ស្តង់សែលកាត ក៏បានទទួលស្វាគមន៍នូវអ្នកចូលរួមទស្សនាដែលមានវ័យក្មេងៗផងដែរ ដែលពួកគេសុទ្ធតែមានចំណាប់អារម្មណ៍ចង់សាកល្បងជាមួយ Playgame Cloud បែបថ្មី។ Playgame Cloud ដែលត្រូវបានដាក់ឱ្យដំណើរការបានរយៈពេលមួយខែ មុនព្រឹត្តិការណ៍តាំងពិព័រណ៍នេះ គឺជាថ្នាលលេងហ្គេមលើពពកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃសេវាកម្មនេះ គឺដើម្បីអនុញ្ញាតឱ្យការលេងហ្គេមកាន់តែមានបរិយាបន្ន តាមរយៈការប្រមូលផ្តុំនូវហ្គេមដ៏ពេញនិយមបំផុតនៅលើប្រព័ន្ធប្រតិបត្តិការ Android និងម៉ាស៊ីនហ្គេម នៅកន្លែងតែមួយ ពោលគឺអតិថិជនអាចលេងហ្គេមទាំងនេះបាន នៅលើឧបករណ៍ដែលពួកគេមានស្រាប់ ដូចជាទូរស័ព្ទ និងថេប្លេតជាដើម។
Nine Group ដែលជាដៃគូរបស់សែលកាត ផ្នែកឧបករណ៍ភ្ជាប់អ៊ីនធើណិត (IoT) ក៏បានចូលរួមក្នុងសកម្មភាពតាំងពិព័រណ៍នេះដូចគ្នាផងដែរ ដោយបានដាក់តាំងបង្ហាញនូវកាមេរ៉ាភ្ជាប់អ៊ីនធើណិតជាច្រើនប្រភេទ ដែលអាចគ្រប់គ្រង និងចូលប្រើប្រាស់បាន នៅគ្រប់ទីកន្លែងពីទូរស័ព្ទរបស់ពួកគេផ្ទាល់តែម្តង។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ “ពួកយើងពិតជារីករាយណាស់ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ វាបានផ្តល់នូវឱកាសដ៏វិសេសបំផុតមួយ ដែលយើងអាចបង្ហាញជូននូវផលិតផលឌីជីថលថ្មីរបស់យើង ដែលស័ក្តិសមឥតខ្ចោះជាមួយនឹងក្រុមអតិថិជន ដែលយើងចង់ទាក់ទាញឱ្យប្រើប្រាស់សេវាកម្មថ្មីទាំងនេះ។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញនូវឱកាសក្នុងការចងភ្ជាប់ទំនាក់ទំនង សម្រាប់កិច្ចសហការនាពេលអនាគតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលបានចូលរួម ស្របតាមចក្ខុវិស័យដូចគ្នានៃការធ្វើឌីជីថលនីយកម្មនៅក្នុងសហគមន៍ គេហដ្ឋាន និងអាជីវកម្មរបស់យើង។ អ្វីដែលយើងអាចមើលឃើញយ៉ាងច្បាស់នោះ គឺចំណាប់អារម្មណ៍ និងតម្រូវការលើការប្រើប្រាស់អ៊ីនធើណិត សេវាកម្មគាំទ្រដោយអ៊ីនធើណិត និងមាតិកាកម្សាន្ត ហើយនេះគឺជាអ្វីដែលយើងចង់បាន ក៏ដូចជាបន្តគាំទ្រដល់ការផ្លាស់ប្តូរ និងការពង្រឹងវិស័យឌីជីថលជូនដល់ជីវិតទាន់សម័យបែបឌីជីថលរបស់អតិថិជនយើងផងដែរ”។ អ្នកទស្សនាជាង១ម៉ឺននាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលរៀបចំដោយ realestate.com.kh នេះ។ ពិព័រណ៍វិស័យអចលនទ្រព្យនេះ មានវត្តមានចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗ គម្រោងធំៗ ភ្នាក់ងារ ធនាគារ ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ក្រុមហ៊ុនទូរគមនាគមន៍ និងសេវាកម្មជាច្រើនទៀត ដែលសុទ្ធសឹងតែជាស្ថាប័នមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា៕