សម្រាប់រយៈពេល4ឆ្នាំជាបន្តបន្ទាប់នេះ ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់និងចាត់ទុកជា ក្រុមហ៊ុនឆ្នើមបំផុតក្នុងក្នុងវិស័យអភិវឌ្ឍធនធានមនុស្សដោយបន្តរក្សា តួនាទីជាក្រុមហ៊ុន ដែលទទួល បានការគាំទ្របំផុត ដោយមិនត្រឹមតែនៅកម្ពុជានោះទេ ប៉ុន្តែក៏នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី12 ខែសីហា កន្លងទៅថ្មីនេះ សែលកាតបានឈ្នះពានជ័យលាភី ក្រុមហ៊ុនឆ្នើម ប្រចាំអាស៊ីលើកទី4 (2015 Asia’s Best Employer Brand Awards) របស់ខ្លួនក្នុងព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយ Employer Branding Institute and Stars of the Industry Group។ ព្រឹត្តិការណ៍ដ៏មហោឡារឹក ប្រកបដោយកិត្តិយសនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Pan Pacific Singapore ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំពាណិជ្ជកម្មជាន់ ខ្ពស់រាប់រយនាក់ មកពីបណ្ដា ប្រទេសទូទាំងអាស៊ីប៉ាស៊ីហ្វិកផងដែរ។ជ័យលាភីដែលមានការទទួលស្គាល់ពីសហព័ន្ធពាណិជ្ជកម្មអាស៊ី ជាការទទួលស្គាល់ចំពោះក្រុមហ៊ុន ដែលមានសមត្ថភាពលេចធ្លោក្នុងការបង្កើត និងរក្សាបាននូវបរិយាកាសការងារ និងវប្បធម៌មួយដែល មិនត្រឹមតែជាទីពេញចិត្តក្នុងចំណោមបុគ្គលិកទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងកិច្ច អភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសសម្រាប់ភាពរីកចម្រើនផងដែរ។ លោកស្រី Nicky Enriquez នាយការធនធានមនុស្ស ក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ឲ្យដឹងថា៖ «យើងមានកិត្តិយសក្នុងការនាំមកនូវភាពជោគជ័យមួយផ្សេងសម្រាប់ សែលកាត។ តាមរយៈការទទួល ស្គាល់ពីមួយឆ្នាំទៅមួយឆ្នាំនេះ ជាការគូសបញ្ជាក់ឆ្លុះបញ្ចាំងដ៏មានតម្លៃបំផុតចំពោះការប្តេជ្ញា របស់ក្រុមហ៊ុនក្នុងការប្រកាន់ខ្ជាប់នូវស្ដង់ដារកម្រិតខ្ពស់បំផុតសម្រាប់ ការអនុវត្តធនធានមនុស្ស និងបន្តជំរុញលើកទឹកចិត្តយើងខ្ញុំឲ្យខិតខំធ្វើបន្ថែមទៀតដើម្បី បុគ្គលិកខ្មែរដែលជាធនធាន មាន ទេពកោសល្យរបស់យើង។ យើងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះម្ចាស់ភាគហ៊ុន អ្នកឧកញ៉ា គិតម៉េងឯកឧត្តមឧកញ៉ា គិត ធាង និងនាយកប្រតិបត្តិរបស់យើងគឺលោក Ian Watson ចំពោះកិច្ចគាំទ្រឥតឈប់ឈរក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍ ធនធានមនុស្សរបស់យើងខ្ញុំ។»
លោក ចាន់ វិបុល ប្រធានផ្នែកគ្រប់គ្រងបុគ្គលិក ក្រុមហ៊ុន សែលកាត បានទទួលពានរង្វាន់ និងជាអំណះអំណាងក្នុងទទួលស្គាល់ សែលកាត ជាក្រុមហ៊ុនឆ្នើម។ លោកបានថ្លែងពីចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានមកទទួលពានរង្វាន់សម្រាប់ លើកទី4នេះ ក្នុងនាមតំណាងក្រុមហ៊ុន សែលកាត។ ពានរង្វាន់នេះគឺសម្រាប់ក្រុមហ៊ុនខ្ញុំ ហើយក៏សម្រាប់ប្រទេសជាតិខ្ញុំផងដែរ។»
ក្រុមហ៊ុនឈ្នះរង្វាន់ផ្សេងទៀត រួមមាន ក្រុមហ៊ុន Etisalat UAE ក្រុមហ៊ុន សែលកាតកម្ពុជា ក្រុមហ៊ុន Globe Telecom PH ក្រុមហ៊ុន Pepsi Co Thailand ក្រុមហ៊ុន Disney ហុងកុង ក្រុមហ៊ុន Hutchison ហុងកុង ក្រុមហ៊ុន Dell ហុងកុង និងក្រុមហ៊ុន Pfizer។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរសុទ្ធសាធ និងជាក្រុមហ៊ុន ផ្ដល់សេវាកម្មទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាផងដែរ។ ក្រុមហ៊ុន សែលកាត បានសម្ពោធដំណើរការនៅឆ្នាំ1998ហើយបានក្លាយជាក្រុមហ៊ុនស្ដង់ដា រមួយនៅកម្ពុជាដែលផ្ដល់នូវគុណភាព អត្ថប្រយោជន៍និងសេវាកម្មឈានមុខគេនិងបន្តយកចិត្តទុកដាក់ ក្នុងកិច្ចអភិវឌ្ឍមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ និងលើកស្ទួយមធ្យោបាយទំនាក់ទំនងរបស់អតិថិជនខ្លួនផងដែរ។ ស្ថិតក្នុងទីផ្សារ ទូរគមនាគមន៍មួយដែលតែងមានការប្រែប្រួល សែលកាតនៅតែប្តេជ្ញាធ្វើដើម្បីកម្ពុជា និងប្រជាជន កម្ពុជាទាំងអស់។