ភ្នំពេញ ថ្ងៃទី 22 ខែមករា៖ គំនិតអាជីវកម្មជាច្រើន ត្រូវបានយកមកចូលរួមប្រកួតប្រជែងនៅកម្មវិធី Startup Weekend កម្ពុជា កាលពីពេលថ្មីៗនេះ ប៉ុន្តែគំនិតអាជីវកម្មមួយដែលធ្វើឲ្យគណៈកម្មការវាយតម្លៃ រួមទាំងអ្នកចូលរួម និងភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ កម្មវិធីថែទាំសុខភាព ដែលជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺ និងវេជ្ជបណ្ឌិត។
ព្រឹត្តិការណ៍រយៈពេល 54ម៉ោង ដែលបាននាំមកបង្ហាញជូនដោយសែលកាត នៅសាលសហកិច្ចការ (co-working space) Emerald Hub ឃើញថាមានអ្នកជំនាញរចនា150នាក់ អ្នកអភិវឌ្ឍកម្មវិធី សហគ្រិន និងអ្នកបច្ចេកទេសជំនាញផ្សេងៗគ្នាតស៊ូដេញដោលមតិអំពីគំនិតចាប់ផ្ដើមអាជីវកម្ម របស់ខ្លួនដោយមានការកត់សម្គាល់វាយតម្លៃពីក្រុមគណៈកម្មការជំនាញ។ មុនពេលពួកគេអាចឡើងមកប្រឈមនៅចំពោះមុខក្រុមគណៈកម្មការ សិក្ខាកាមចូលរួមទាំងអស់ត្រូវឆ្លងកាត់វគ្គដ៏ស្វិតស្វាញរយៈពេលបីថ្ងៃ ដែលពួកគេបានប្រកួតប្រជែងគំនិតចាប់ផ្ដើមអាជីវកម្មជាមួយដៃគូប្រជែង និងទទួលបានមកវិញនូវព័ត៌មានត្រឡប់ និងការណែនាំបង្ហាញពីក្រុមគ្រូបង្ហាត់ និងគ្រូណែនាំ ហើយបង្កើតជាក្រុមជុំវិញគំនិតអាជីវកម្មដែលពេញនិយមបំផុតតាមរយៈការបោះឆ្នោត គាំទ្រពីអ្នកចូលរួម។
នៅពេលការប្រកួតប្រជែងបានបញ្ចប់ទៅ ក្រុម Doctor Advisor ទទួលបានការវាយតម្លៃជាប់ ជាជ័យលាភីលេខមួយសម្រាប់គំនិតអាជីវកម្មអំពីកម្មវិធី app មួយ និងមុខងារកម្មវិធីវែបដែលអាចភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺក្នុងស្រុកជាមួយ វេជ្ជបណ្ឌិតដែលមានជំនាញពាក់ព័ន្ធ។ ក្រុមនេះទទួលបាន ប័ណ្ណទឹកប្រាក់ចំនួន 300ដុល្លារ ប្រើគម្រោងសេវាអ៊ីនធើណិត សែលកាត ដោយឥតគិតថ្លៃ 6ខែ និងអាចប្រើទីតាំងសាលសហកិច្ចការ (Co-working Space) ឥតគិតថ្លៃនៅ Emerald Hub បាន 3ខែ។
លោក សុខ ណារ័ត្ន ប្រធានក្រុម Doctor Advisor បាននិយាយឲ្យដឹងថា “មានកត្តាជាច្រើនដែលឲ្យជំរុញយើងអភិវឌ្ឍបង្កើតកម្មវិធី app នេះឡើង ពោលគឺយើងមើលឃើញថាអ្នកជំងឺភាគច្រើនមិនអាចស្វែងរកវេជ្ជបណ្ឌិតជំនាញសម្រាប់ ព្យាបាលជំងឺរបស់ខ្លួនបាន ដែលជាហេតុធ្វើឲ្យពួកគាត់ត្រូវចំណាយពេលវេលា ថវិកា ហើយជួនកាលអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់ផងដែរ។ កម្មវិធី Startup Weekend បានបង្រៀនយើងពីរបៀបបំផុសគំនិតអាជីវកម្ម និងដំណើរការវា ហើយឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺបង្កើតកម្មវិធីនេះឲ្យចេញជារូបរាង។”
ណារ័ត្ន បានបន្តថា “ខ្ញុំគិតថាជំហានដំបូងដើម្បីឲ្យអាជីវកម្មអ្នកដំណើរការ គឺត្រូវសរសេរគំនិតរបស់អ្នកលើក្រដាសសិន ហើយស្វែងរកដៃគូដើម្បីចែករំលែកគំនិតទាំងនោះជាមួយគ្នា។ សម្រាប់គំនិតផ្ដួចផ្ដើមដូចជា Startup Weekend ក៏អាចដើរតួនាទីសំខាន់ក្នុងការប្រែក្លាយគំនិតទាំងនេះក្លាយជាការពិតបានផងដែរ។”
ជ័យលាភីលេខពីរបានទៅលើក្រុម Tuk-It Easy និង កម្មវិធី Uber-like ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរករថយន្តតាក់ស៊ី និងរ៉ឺម៉កម៉ូតូ (Tuk Tuk) ក្នុងតម្លៃសមរម្យ និងជាទីទុកចិត្តដែលនៅជុំវិញទីតាំងរបស់ខ្លួន។ តាមរយៈគំនិតអាជីវកម្មនេះ សម្រាប់ក្រុមបង្កើតកម្មវិធី ទទួលបានប័ណ្ណទឹកប្រាក់ 200ដុល្លារ ប្រើគម្រោងសេវាអ៊ីនធើណិតសែលកាតឥតគិតថ្លៃ6ខែ និងប្រើទីតាំងសាលសហកិច្ចការ (Co-working Space) នៅ Emerald Hub 2ខែ។
គំនិតអាជីវកម្មរបស់ក្រុម Rice Market Price សម្រាប់កម្មវិធីទូរស័ព្ទដែលអាចឲ្យកសិករទទួលបានព័ត៌មានថ្មីៗអំពីតម្លៃស្រូវ អង្ករលើទីផ្សារ ដណ្ដើមបានជ័យលាភីលេខបីដោយទទួលបានប័ណ្ណទឹកប្រាក់100ដុល្លារ ប្រើគម្រោងសេវាអ៊ីនធើណិតសែលកាតឥតគិតថ្លៃ 6ខែ និងប្រើទីតាំងសាលសហកិច្ចការ (Co-working Space) នៅ Emerald Hub 1ខែឥតគិតថ្លៃផងដែរ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានក្ដីសោមនស្សរីករាយថ្លែងឲ្យដឹងថា “សែលកាតជឿជាក់ថាមានយុវជនខ្មែរជាច្រើនដែលមានសក្ដានុពលបង្កើតវិភាគទានដ៏ មានតម្លៃក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម។ អ្វីដែលពួកគេខ្វះខាតនោះគឺឱកាស និងការណេនាំតម្រង់ទិស។ នេះគឺជាមូលហេតុដែលយើងបន្តការឧបត្ថម្ភគាំទ្រដល់ Startup Weekend ដូចដែលយើងឃើញថាវាជាកន្លែងបើកឱកាសសម្រាប់ពួកគេ អភិវឌ្ឍពួកគេឲ្យក្លាយជាសហគ្រិនជំនាញ និងលើកកម្ពស់ឲ្យពួកគេបង្កើតការផ្លាស់ប្ដូរតាមរយៈគំនិតច្នៃប្រឌិតមួយក្នុង ពេលវេលាសមស្រប។” លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំសូមចូលរួមសម្ដែងការអបអរសាទរចំពោះជ័យលាភីទាំងអស់ ហើយក៏សូមជូនពរឲ្យពួកគេមានសំណាងល្អដើម្បីអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួន កាន់តែទូលំទូលាយ។”
វគ្គបង្ហាត់បង្ហាញទាក់ទងមួយចំនួនត្រូវបានបង្ហាញដោយវាគ្មិន Startup Weekend ស្ដីពីប្រធានបទជាច្រើនដែលទាក់ទងនឹងការរចនា គំរូអាជីវកម្ម និងការប្រកួតប្រជែង។
Startup Weekend កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះចំនួន5ផ្សេងទៀតជាមួយគោលប្រធានបទផ្សេងៗ ដែលផ្ដោតលើសហគ្រិនស្ត្រី ការអប់រំ ការអភិវឌ្ឍ និងគំនិតអាជីវកម្មទូទៅ ក្នុងចំណោមប្រធានបទដទៃទៀត។