ភ្នំពេញ ថ្ងៃទី24-25 តុលា៖ អ្នកចូលរួមប្រមាណ 3500នាក់ បានរីករាយសាទរក្នុងបារខែមភ្នំពេញ ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យារយៈពេល 2 ថ្ងៃ ត្រូវបានរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្រោមកិច្ចសហការរវាងបារខែមកម្ពុជា និង សែលកាត ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា ថ្នាក់ដឹកនាំ អ្នកច្នៃប្រឌិតវិទ្យាសាស្ត្រ សហគ្រិន សាស្ត្រាចារ្យ និងសិស្ស និស្សិតជាច្រើនឲ្យចូលរួមស្ដាប់បទបង្ហាញរបស់វាគ្មិនជាងមួយរយ នាក់ និងវគ្គជាក្រុមដែលរួមបញ្ចូលនូវបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល ការសិក្សាអប់រំ និងការផ្ទេរបទពិសោធផ្ទាល់ផងដែរ។
ប្រធានបទបារខែមភ្នំពេញឆ្នាំនេះ មានចំណងជើងថា “ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន” ដែលមានគោលបំណងរៀបចំយុវជនខ្មែរសម្រាប់គោលគំនិតផ្ដួចផ្ដើមសហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC) ដែលរៀបចំនាដំណាច់ឆ្នាំនេះ ក៏ដូចជាបើកឱកាសសម្រាប់ការយល់ដឹងបច្ចេកវិទ្យា និងអាចឲ្យអ្នកមានជំនាញបច្ចេកវិទ្យាបានបង្កើនចំណេះដឹងបន្ថែមទៀត តាមរយៈការជួបជាមួយក្រុមអ្នកជំនាញក្នុងវិស័យនេះផងដែរ។
ក្នុងចំណោមប្រធានបទជាច្រើន ប្រធានបទដែលលេចធ្លោមានអ្នកចូលរួមច្រើនកុះករ មានដូចជា “អនាគត eCommerce នៅកម្ពុជា” “វិធីសាស្ត្រក្លាយជាអ្នកគ្រប់គ្រងវ័យក្មេង” “គន្លឹះទៅសិក្សានៅបរទេសដោយមិនចំណាយថវិកាផ្ទាល់ខ្លួន” និង “Innovation@Google” ។ សរុបមក បារខែមភ្នំពេញ មានវាគ្មិនចំនួន136រូប និង 82វគ្គ បញ្ចូលកិច្ចពិភាក្សាពីរក្រុម កិច្ចសន្ទនាបួន និងបទបង្ហាញ 76។
ក្នុងព្រឹត្តិការណ៍នេះផងដែរក៏មានបញ្ជរតាំងបង្ហាញពិព័រណ៍ចំនួន 40 វាគ្មិន និងក្រុមហ៊ុនតាំងបង្ហាញពិព័រណ៍ រួមបញ្ចូលទាំងអ្នកជំនាញបច្ចេកវិទ្យាក្នុងស្រុកមួយចំនួនដែលមានការ ទទួលស្គាល់លើសមត្ថភាពនិងចំណេះដឹង និងអង្គភាពស្ថាប័នផ្សេងៗរួមមាន EZECOM, Google Developer Group, IT STEP Academy, Fedora, FireFox, Development Innovations, ITC, Web Essentials, Nokor Group, Yoolk, ThemeCountry, បារខែមសិង្ហបុរី និង បារខែមបាងកក ជាដើម។
លោក នីក វ៉ានវីន នាយកគ្រប់គ្រងពាណិជ្ជកម្ម សែលកាត បានឲ្យដឹងថា “យើងពិតជារីករាយខ្លាំងណាស់ជាមួយវត្តមានអ្នកចូលរួមដ៏ច្រើនកុះករ សម្រាប់ បារខែមភ្នំពេញ ដែលនេះជាអាចការព្យាករណ៍ដ៏ល្អមួយសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងការច្នៃប្រឌិតនៅកម្ពុជា”។ លោកក៏បានមានប្រសាសន៍បន្តទៀតថា “សែលកាត រីករាយក្នុងនាមជាអ្នកឧបត្ថម្ភសម្រាប់ព្រឹតិ្តការណ៍បារខែម ព្រោះយើងជឿថាព្រឹត្តិការណ៍នេះផ្ដល់បទពិសោធ និងការតម្រង់ទិសល្អៗដល់យុវជនយើងដែលមិនត្រឹមតែអាចឲ្យពួកគេ កសាងអនាគតការងារក្នុងវិស័យនេះទេ ប៉ុន្តែក៏អាចចាប់យកជំនាញបច្ចេកវិទ្យាក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និង ប្រយោជន៍ដល់សង្គមផងដែរ។”
បារខែមភ្នំពេញ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រឹត្តិការណ៍កន្លងទៅថ្មីៗក្នុង ឆ្នាំនេះដូចជានៅ រតនគិរី កំពត បាត់ដំបង និង តាកែវ ដែលសុទ្ធសឹងត្រូវបានស្វាគមន៍ទទួលស្គាល់ និងគាំទ្រពីអ្នកចូលរួមដ៏ច្រើនលើសលប់។
សម្រាប់ព័ត៌មានបន្ថែមអំពីបារខែម សូមចូលទៅកាន់ www.2015.barcampcambodia.org