រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រារព្ធកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) តាមកម្មវិធីហ្សូម (ZOOM) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកឱកាស ឱ្យមានការសន្ទនាគ្នា ដោយទទួលខុសត្រូវ ជាមួយភាគហ៊ុនិករបស់ខ្លួន។
ក្រុមហ៊ុន សែលកាត មិនត្រឹមតែរៀបចំកិច្ចប្រជុំប៉ុណ្ណោះទេ នេះជាការប្រារព្ធត្រីមាសដំបូង នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ដែលគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុ ២០២៤នេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន ២៥ ប៊ីលានរៀល ស្មើនឹង៦៦% បន្ទាប់ពីបានបង់ពន្ធរួច។ ប្រាក់ចំណេញនេះបានកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបចំនួន៣២ ប៊ីលានរៀល ស្មើនឹង ១២៣% ក៏ជាប្រាក់ចំណូលសរុប ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
នៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន (ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤) ភាគហ៊ុនិកបានបោះឆ្នោតអនុម័ត លើរបៀបវារៈទាំង៤ ដោយអនុម័តយល់ព្រមចំនួន ៩៩,៥៣% នៃភាគហ៊ុនសរុបដែលមានតម្លៃ ១.៩៥០.០២២.៣៦២,00 ភាគហ៊ុន។
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ(AGM) មិនមែនគ្រាន់តែជាពិធីប្រារព្ធប៉ុណ្ណោះទេ។ ភាគហ៊ុនិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់អនាគតរបស់ក្រុមហ៊ុន សែលកាត តាមរយៈការបោះឆ្នោតលើសេចក្តីសម្រេច នៅក្នុងរបៀបវារៈសំខាន់ៗចំនួនបួនដូចខាងក្រោម៖
១-ការបែងចែកភាគលាភអប្បបរមាដែលបានធានា៖ ធានាឱ្យភាគហ៊ុនិកទទួលបានភាគលាភអប្បបរមារៀងរាល់បីខែម្តង។
២-ការបោះផ្សាយមូលបត្របន្ថែម៖ ស្វែងរកការចេញភាគហ៊ុនថ្មី នៅលើផ្សារហ៊ុនថៃ (SET) ដើម្បីដោះស្រាយដើមទុនបន្ថែមសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏។
៣-លក្ខន្តិកៈក្រុបហ៊ុន៖ ធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុនសែលកាត ដើម្បីឲ្យស្របទៅនឹងទិដ្ឋភាពអាជីវកម្មដែលកំពុងវិវត្ត។
៤-ការត្រួតពិនិត្យលើប្រតិបត្តិការហិរញ្ញវត្ថុ៖ ភាគហ៊ុនិកបានពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម របស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នេះបញ្ជាក់សារជាថ្មី អំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ របស់ក្រុមហ៊ុន សែលកាត។
ការឈានទៅមុខជាយុទ្ធសាស្ត្រមួយនេះ ក្រុមហ៊ុន សែលកាតកំពុងស្វះស្វែងរកការចុះបញ្ជី នៅលើផ្សារហ៊ុនថៃ (SET) បន្ទាប់ពីការចុះបញ្ជីជោគជ័យរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ការចុះបញ្ជីនៅលើផ្សារមូលបត្រទាំងនេះ នឹងជំរុញផ្សារមូលបត្រក្នុងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង។ សកម្មភាពនៃការពង្រឹងយុទ្ធសាស្ត្រចុះបញ្ជីនេះ នឹងធ្វើឱ្យក្រុមហ៊ុនមានភាពបត់បែនផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ច លើកកម្ពស់កេរិ៍្តឈ្មេះក្រុមហ៊ុន និងសម្រួលដល់ការពង្រីកបណ្តាញសេវាទូរគមនាគមន៍ បន្ថែមទៀត។ តាមរយៈការចុះបញ្ជី នៅលើផ្សារហ៊ុនទាំងពីរ ក្រុមហ៊ុន សែលកាត ក៏ជាចលករមួយ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផ្សារមូលបត្រ ទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។
លោក Simon Perkins អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចប្រជុំនេះដោយបើកចំហជាមួយភាគហ៊ុនិកថា “តម្លាភាព និងការចូលរួមរបស់ភាគហ៊ុនិក គឺជាសសរស្តម្ភនៃការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន សែលកាត ជាមួយផ្សារមូលបត្រកម្ពុជា (ផមក)។ វិធីសាស្រ្តនេះនឹងបានចាក់បញ្ចូលដើមទុនសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏ និងបានផ្តល់លទ្ធភាពដល់យើងខ្ញុំ ក្នុងការតភ្ជាប់បណ្តាញឌីជីថលទូរគមនាគមន៏ ដល់សហគមន៍នៅក្នុងតំបន់ដែលមានបណ្តាញសេវាទូរគមនាគមន៏មានកំណត់ នៅទូទាំងប្រទេសកម្ពុជា។