ក្រុមហ៊ុនសែលកាតបង្កើតភាពដៃគូជាយុទ្ធសាស្រ្តជាមួយ ក្រសួងអប់រំ យុវជន និងកីឡា | សែលកាត

ក្រុមហ៊ុនសែលកាតបង្កើតភាពដៃគូជាយុទ្ធសាស្រ្តជាមួយ ក្រសួងអប់រំ យុវជន និងកីឡា

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ពុធ 10, 2022

 

សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួលដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។               តាមរយៈកិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា “ដៃគូ​ទូរគមនាគមន៍ផ្លូវការ” សម្រាប់កម្មវិធីចំនួនបី ក្រោមផ្នែកមួយនៃសកម្មភាពរបស់សែលកាត ទាក់ទងនឹងមូលនិធិ​កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា មូលនិធិស.អ.។ កម្មវិធីទាំងនេះ ត្រូវបានរៀបចំឡើង​ជាពិសេស​ដើម្បី​ដោះស្រាយ​តម្រូវការសម្រាប់ការអប់រំប្រកបដោយនវានុវត្តន៍ ផ្តោតលើជំនាញ និង រួមបញ្ចូល​ការអប់រំឌីជីថល ក៏ដូចជា​បណ្តុះ​ចំណាប់​អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមស្ត្រី ដែលមានដូចជា កម្មវិធីពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅកម្ពុជា ដែលហៅកាត់ថា (STEPCam) កម្មវិធីសមមូល អប់រំកម្រិត​មូលដ្ឋានតាមអុីនធឺណិត ហៅកាត់ថា (BEEP) និងកម្មវិធីអក្ខរកម្ម​នៅរោងចក្រ ហៅកាត់ថា (FLP) ជាដើម។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ “ពួកយើងពិត​ជាមាន​កិត្តិយស​​ខ្លាំងណាស់​ក្នុងការក្លាយខ្លួនជា ‘ដៃគូទូរគមនាគមន៍’ សម្រាប់កម្មវិធី​ពង្រឹង​កម្មវិធីអប់រំ​គ្រូបង្រៀន​នៅកម្ពុជា (STEPCam) កម្មវិធីសមមូល អប់រំកម្រិត​មូលដ្ឋានតាមអុីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP) របស់​ក្រសួងអប់រំ យុវជន និងកីឡាដែល​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។ ពួកយើង​ជឿជាក់លើ​ឥទ្ធិពល​នៃការអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ច។ ស្របពេលដែលពួកយើង​បោះជំហ៊ាន​ឆ្ពោះទៅ​កាន់​​ឌីជីថលនីយកម្មនៅកម្ពុជា មូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំ គឺត្រូវការជាចាំបាច់ ហើយ​វាក៏ដើរ​តួយ៉ាងសំខាន់​​ក្នុងការធានា​ឱ្យចក្ខុវិស័យនេះក្លាយជាការពិតផងដែរ។ ពួកយើង​ទន្ទឹងរង់ចាំការអនុវត្តប្រកប​ដោយ​ជោគជ័យ និង​ការខិតខំ​ប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងសែលកាត ក្នុងការពង្រីកលទ្ធភាព និងឥទ្ធិពល​នៃកម្មវិធីទាំងនេះ។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ នៅក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។               ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍​ចំពោះ​ភាពជាដៃគូ​ថ្មីជាមួយ​ក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើងនៃការវិនិយោគពីដៃគូវិស័យឯកជនក្នុងការលើក​កម្ពស់​​គុណភាពអប់រំនៅកម្ពុជា។               “ការពង្រឹងជំនាញឌីជីថល​របស់​គ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនរបស់យើង គឺជាអាទិភាពសំខាន់​មួយ​ក្នុងការអភិវឌ្ឍ​ធនធានមនុស្សដែលមានជំនាញក្នុងសតវត្សរ៍ទី ២១ ដើម្បីគាំទ្រដល់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រថ្មី​ជាមួយសែលកាត​នឹងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថលនៅកម្រិត​ផ្សេងៗ​​នៃ​ប្រព័ន្ធអប់រំ ដើម្បីបង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែលផ្តល់ការអប់រំប្រកបដោយគុណភាព​សម្រាប់​កុមារ និងយុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា»។               កិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្រ្តនឹងផ្តល់ការគាំទ្រដល់ការអនុវត្ត និងការពង្រីក​កម្មវិធីអប់រំ​បី​ដូចខាងក្រោម៖·       BEEP – ជាគម្រោងផ្តួចផ្តើមរួមគ្នារវាង​ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីផ្តល់ការអប់រំ​តាមប្រព័ន្ធអនឡាញ​ដែលអាចបត់បែន​បាន សម្រាប់យុវជនក្រៅសាលា ដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី ៩ ។

 

  • FLP – ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃ​គូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបំពាក់បំប៉នកម្មកររោងចក្រកាត់ដេរដែលមានអាយុពី ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ ឱ្យទទួលបាន​នូវជំនាញអក្ខរកម្មមូលដ្ឋាន ដោយជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន។ គម្រោងនេះ​ក៏មានគោលបំណង​ធ្វើឱ្យប្រសើរឡើងនូវជំនាញនៃការអាន ការសរសេរ និងជំនាញត្រិះរិះពិចារណា ដើម្បីធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងការងារប្រចាំថ្ងៃ និងការអនុវត្តរបស់ពួកគេ។

 

  • STEPCam ​- ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា។ គម្រោងនេះ​បានណែនាំ​នូវវិធីសាស្រ្តគរុកោសល្យថ្មី ដោយពាំនាំមកនូវជំនាញអប់រំឌីជីថលទាន់សម័យ ដើម្បីកែលម្អ​ការអប់រំ​នៅថ្នាក់ដំបូង ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គុណភាពអប់រំទាំងមូល និងបន្ស៊ី​វាទៅនឹង​តម្រូវការ​នៃសម័យឌីជីថលបែបថ្មី។

ពិធីចុះហត្ថលេខានេះ គឺជាការអនុវត្តគម្រោងដ៏សំខាន់មួយក្រោមកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់​សែលកាត ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និង លទ្ធភាព​ប្រើប្រាស់មាតិកាអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!