ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានធ្វើការចែកស៊ីមដោយឥតគិតថ្លៃ ជូនដល់គ្រូពេទ្យនិងបុគ្គលិកពេទ្យនៅក្នុងក្រុងព្រះសីហនុចំនួន ៨០ នាក់ ដោយអនុញ្ញាតឱ្យពួកគាត់អាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ រហូតដល់ស្ថានភាពនៃជម្ងឺ Covid-19 ត្រូវបានបញ្ចប់ទៅវិញ។
ការផ្តល់ជូននេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីធានាឱ្យបានថារាល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ ទៅតាមតម្រូវការប្រើប្រាស់របស់ពួកគាត់។
វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យជាង ១២០០ នាក់ ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទចល័តសែលកាតត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃលើការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ និងផ្ញើសារ ដោយគិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
រាល់វេជ្ជបណ្ឌិតដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាលទាំងអស់ នឹងមានសិទ្ធិទទួលបានការផ្តល់ជូននេះ ហើយក្នុងករណីមិនទាន់មានស៊ីមសែលកាតសម្រាប់ប្រើប្រាស់ ក្រុមហ៊ុននឹងរៀបចំយកទៅជូនពួកគាត់ដោយឥតគិតថ្លៃ។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការឆ្លើយតបរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំពោះមេរោគ Covid-19 ក្រោមការដឹកនាំផ្ទាល់ដោយលោកអគ្គនាយក អ្នកឧកញ៉ា គិតម៉េង ដែលគាត់កំពុងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ផ្នែក ICT ទាំងមូលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមានក្រុមហ៊ុនសែលកាត អ៊ីហ្សីខម វីង ក្រុមហ៊ុន CBS និង Digital Sky បានចាប់ផ្តើមនូវការឆ្លើយតបទូទាំងប្រទេស នៃគម្រោងគាំទ្រ ការបញ្ចុះតម្លៃ និងសេវាកម្មថ្មីៗដើម្បីបម្រើដល់អតិថិជន។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson លោក អៀន វ៉ាត់សុន (Ian Watson) មានប្រសាសន៍ថា៖ “ការឆ្លើយតបនេះ ត្រូវតែរួមបញ្ចូលទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅជួរមុខទាំងអស់ ព្រោះពួកគេកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 និងព្យាបាលអ្នកជម្ងឺដែលកំពុងមានបញ្ហាស្រាប់”។
លោក វ៉ាត់សុន (Watson) បានមានប្រសាសន៍ទៀតថា៖ “ក្រោមការណែនាំរបស់លោកអគ្គនាយក យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមនៃការបង្កើតសហគមន៍វេជ្ជសាស្រ្ត ជាមួយនឹងក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រកន្លងទៅ ហើយយើងក៏បានឃើញនូវតម្រូវការបន្ទាន់នៅក្នុងក្រុងព្រះសីហនុ”។
នេះគឺជាវិធីរបស់យើងក្នុងការថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងបុគ្គលិកពេទ្យដែលកំពុងធ្វើការ ហើយមិនតែប៉ុណ្ណោះគម្រោងនេះក៏នឹងជួយឱ្យបងប្អូនពលរដ្ឋខ្មែរអាចរក្សាទំនាក់ទំនងគ្នាបានល្អ និងសហគមន៍វេជ្ជសាស្រ្តក៏អាចទំនាក់ទំនងបាន ២៤/៧ ផងដែរ” ។
លោក វ៉ាត់សុន (Watson) បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមនេះ គឺជាការបន្ថែមលើសេវាកម្មទូរវេជ្ជសាស្រ្តតាមបច្ចេកវិទ្យា 5G (Telemedicince) ដែលនឹងចាប់ផ្តើមដំណើរការនាថ្ងៃស្អែកនេះ នៅទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ។
សេវានេះ គឺជាករណីប្រើប្រាស់ 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលវានឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតឈានមុខគេទូទាំងប្រទេសកម្ពុជា អាចធ្វើការវាយតម្លៃ និងពិគ្រោះជាមួយអ្នកជំងឺនៅគ្រប់ទីកន្លែងបានភ្លាមៗ តាមរយៈទូរស័ព្ទដៃនិងឧបករណ៍ផ្សេងៗ និងជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យដែលកំពុងធ្វើការនៅនឹងកន្លែងផ្ទាល់។
លោក វ៉ាត់សុន (Watson) បានមានប្រសាសន៍បន្ថែមថា៖ “សែលកាត នឹងចាំផ្តល់ការគាំទ្រដល់សហគមន៍វេជ្ជសាស្រ្ត និងអតិថិជនទាំងអស់របស់យើង ក្នុងកំឡុងពេលដ៏ពិបាកនេះ ហើយយើងនឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីជួយពួកគេក្នុងការគ្រប់គ្រងវិបត្តិនេះ” ៕