Published Date: September, 13 Friday, 2024

កម្មវិធីពង្រឹងការអប់រំឌីជីថលសម្រាប់គ្រូបង្រៀននៅកម្ពុជា
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2024) - នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហប្រតិបត្តិការជាមួយក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) បានចាប់ផ្តើមដំណើរការ លើគម្រោង កម្មវិធីពង្រឹង ការអប់រំឌីជីថល សម្រាប់គ្រូបង្រៀននៅកម្ពុជាហើយ។ គម្រោងនេះ បានផ្តួចផ្តើម និងគាំទ្រហិរញ្ញប្បទានឧបត្ថម្ភពីមូលនិធិ ស.អ (CBRD FUND) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណង ធ្វើបរិវត្តកម្មវិស័យអប់រំ ក្នុងប្រទេស ដោយបំប៉នជំនាញឌីជីថលសំខាន់ៗដល់គ្រូបង្រៀន។

កម្មវិធីនេះ នឹងអនុវត្តចាប់ពី ខែកញ្ញា ឆ្នាំ 2024 រហូតដល់ ខែមេសា ឆ្នាំ 2026 ដោយផ្តោតលើ ការពង្រឹងគុណភាពគ្រូឧទ្ទេសចំនួន 40 រូប គរុសិស្សចំនួន 600 នាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រូបង្រៀនចំនួន 1,500 នាក់ ទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅតាមខេត្តគោលដៅ និងសិស្សានុសិស្សជាង 50,000 នាក់ទូទាំងប្រទេសដែលនឹងទទួលបានអត្ថប្រយោជន៍បន្តពីបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូទាំងអស់នេះ។

ដើម្បីជួយសម្រួលដល់ការពង្រឹងការអប់រំឌីជីថល និងការស្រាវជ្រាវ ដល់គ្រូបង្រៀន គម្រោងនេះ នឹងផ្តល់ធនធាន បច្ចេកវិទ្យា គាំទ្រដល់គ្រូបណ្តុះបណ្តាល គ្រូឧទ្ទេស គរុសិស្ស គ្រូបង្រៀន និងអ្នកស្រាវជ្រាវក្នុងការបង្កើតមាតិកាឌីជីថល។ ធនធានទាំងនេះនឹងអាច ផ្តល់លទ្ធភាព ដល់លោកគ្រូ និងអ្នកគ្រូបានប្រើប្រាស់បច្ចេកទេសផ្នែកឌីជីថល និង ទំនាក់ទំនងគ្នាតាមកម្មវិធីនេះដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព។

លោក សុក ថា ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល បានមានប្រសាសន៍ថា “កម្មវិធីនេះ ស្របតាមផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ 2024-2028 និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចបាននូវបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា” ។ ការសហប្រតិបត្តិការនេះ បង្ហាញពីសក្ដានុពលដ៏សំខាន់នៃការរួមចំណែករបស់វិស័យឯកជន ក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់គ្រូបង្រៀន និយាយដោយឡែក និងនិយាយជារួម គឺជាការជំរុញការអប់រំឌីជីថលនៅកម្ពុជា។

លោក Johnny Wong នាយកប្រតិបត្តិ នាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក លោកបានបង្ហាញពីក្តីរីករាយ នៃការសហប្រតិបត្តិការនេះថា “យើងខ្ញុំ នឹងផ្តល់ ឧបករណ៍ឌីជីថលជូនគ្រូបង្រៀន តាមត្រូវការចាំបាច់ ដើម្បីឱ្យការសិក្សារបស់ពួកគាត់សម្រេចបានជោគជ័យក្នុងយុគសម័យឌីជីថលនេះ” ។
កម្មវិធីពង្រឹងការអប់រំឌីជីថលសម្រាប់គ្រូបង្រៀននៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំរបស់ខ្លួនសម្រាប់សិស្សានុសិស្ស សម្រាប់អនាគត។

ថ្មីៗនេះ ក្រុមហ៊ុនសែលកាត បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំវេទិកាអប់រំឌីជីថល។ វេទិកានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាប្រឈម ចែករំលែកការអនុវត្តបទពិសោធន៏ល្អៗ និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកឌីជីថល។
វេទិកានេះ បានផ្តោតលើសក្តានុពលនៃប្រព័ន្ធឌីជីថលគ្រប់គ្រងព័ត៌មានសាលារៀនឌីជីថល (SMIS) ដើម្បីកែលម្អការគ្រប់គ្រង រដ្ឋបាលសាលារៀន ជំរុញការកែលម្អប្រព័ន្ធការរៀនសូត្ររបស់សិស្សានុសិស្ស និងសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹង គំនិតផ្តួចផ្តើមនេះត្រួសត្រាយផ្លូវ សម្រាប់វិស័យអប់រំឱ្យដំណើរការបានល្អ តាមប្រព័ន្ធឌីជីថលរបស់កម្ពុជា។


