Published Date: December, 5 Friday, 2025

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx

ភ្នំពេញ៖ ព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 មានការប្រកាសជាផ្លូវការសេវាទូរស័ព្ទចល័តជំនាន់ទី 5 ដែលគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅខែមករា ឆ្នាំ 2026 ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ 2025 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

Norote_Media dsc05693-min


ប្រព័ន្ធ 5Gx នេះនឹងផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាដោយផ្ដល់ជូនអ៊ីនធឺណិតលឿនជាងប្រព័ន្ធ 4G។ 5Gx ត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនខ្មែរ ដោយអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធទំនាក់ទំនងយុគសម័យថ្មីមិនធ្លាប់មានពីមុនចាប់តាំងពីការងារ ការសិក្សា អាជីវកម្ម ការកម្សាន្ត និងទំនាក់ទំនងប្រចាំថ្ងៃ។


ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា បានដាក់ឱ្យដំណើរការធ្វើតេស្តសាកល្បងនូវប្រព័ន្ធ 5Gx នៅស្តង់របស់ខ្លួន ដើម្បីត្រៀមខ្លួនផ្ដល់ជូនប្រជាជនខ្មែរនូវយុគសម័យថ្មីនៃភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងបែបឌីជីថលល្អប្រសើរជាងមុននៅកម្ពុជា។

 

Norote_Media dsc05040-min


អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតបើកប្រកាសប្រព័ន្ធ 5Gx  និងបានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាត ប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធានាថាប្រជាជនខ្មែរទទួលបានបច្ចេកវិទ្យាទំនាក់ទំនងថ្មីយ៉ាងរលូន និងជាទីពេញចិត្តទៅកាន់សកលលោក។ ការដាក់ដំណើរការប្រព័ន្ធ 5Gx នេះ មិនត្រឹមតែជាជំហានបន្ទាប់ទៅលើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់កម្ពុជាទេ ប៉ុន្តែជំហានថ្មីនេះក៏ជាការប្ដេជ្ញាចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមក្នុងការនាំយកឯករាជ្យឌីជីថលយ៉ាងពិតប្រាកដមកកាន់ប្រទេសកម្ពុជា»។


ជំហាននៃការដាក់ដំណើរការប្រព័ន្ធ 5Gx នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តសក្ដានុពលមួយចំនួនជាមុន ជាមួយនឹងផែនការពង្រីកតំបន់សេវាគ្របដណ្ដប់នេះទៅកាន់បណ្ដាខេត្តផ្សេងៗស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធបណ្ដាញសេវាកំពុងអភិវឌ្ឍបន្ថែមទៀត។ ការពង្រីកប្រព័ន្ធ 5Gx ទៅកាន់តំបន់ជាច្រើននេះ នឹងធ្វើឱ្យកម្ពុជាពង្រឹងសក្ដានុពលបន្ថែមទៅលើនវានុវត្តន៍ឌីជីថលឱ្យកាន់តែលេចធ្លោមួយកម្រិតទៀត។


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានបន្ថែមទៀតថា៖ «ជាមួយប្រព័ន្ធ 5Gx នេះ ប្រជាជនខ្មែរនឹងប្រកបការងារ សិក្សា ប្រកបអាជីវកម្ម និងប្រើប្រាស់សេវាផ្សេងៗបានលឿនប្រសើរជាងមុន។ ការអភិវឌ្ឍនេះនឹងជំរុញឱ្យប្រទេសជាតិយើងបោះជំហានទៅកាន់យុគសម័យថ្មីនៃឌីជីថល។ »។


អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ សែលកាតមានអតិថិជនជាង 4 លាននាក់ ដោយក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តផ្ដល់ជូនអតិថិជននូវបទពិសោធប្រើប្រាស់ និងភ្ជាប់ទំនាក់ទំនងតាមឌីជីថលដ៏ល្អប្រសើរ។ ជាមួយជំហានបន្ទាប់គឺយុគសម័យថ្មីនៃឌីជីថល 5Gx ក្រុមហ៊ុនសែលកាត នឹងនាំយកការតភ្ជាប់ដែលលឿនជាងមុន និងជាទីទុកចិត្តសម្រាប់ប្រជាជនខ្មែរ។
Digital Life. Connected.
 

អានអត្ថបទផ្សេងទៀត

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

25 May 2026Press release
អានបន្ថែម
ក្នុងរយៈពេល 30 ឆ្នាំ  (1996-2026)  ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

21 Apr 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?